ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេង មិនប្រយត្ន័ត្រូវម៉ូតូមកពីក្រោយបុករងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងបាវិត បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក HONDA សេរី 2012 ពាក់ស្លាកលេខ ស្វាយរៀង 1E-2758 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ម៉ៅ សានី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស (មិនពាក់មួកសុវត្ថិភាព អត់កញ្ចក់មើលក្រោយ) និងអ្នករួមដំណើរឈ្មោះ ម៉ន ស្រីមួយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលា រស់នៅភូមិសង្កាត់ជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព) ។

ប្រភពបន្តថា លុះបើកបរដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA សេរី2016 ពាក់ស្លាកលេខ ស្វាយរៀង 1E3271 ពណ៌ខ្មៅ បើកបរឈ្មោះ ជ័យ សំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិច្រកលាវ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានមកបុកប៉ះពីក្រោយ ។

ប្រភពដដែល បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យស្ត្រីឈ្មោះ ម៉ៅ សានី របួសបាក់ឆ្អឹងដងកាំបិត និងអ្នករួមដំណើររបួសស្រាល ហើយភាគីម៉ូតូម្ខាងទៀត រងរបួសស្រាល ដោយអ្នករបួសស្រាលទាំងពីរ ត្រូវនាំទៅព្យាបាលនៅមន្រ្ទីពេទ្យបង្អែកជីភូ ។ ជាក់ស្ដែងវត្ថុតាងម៉ូតូ ២គ្រឿង ខូចខាតធ្ងន់ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖