ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាលឿនលើស្ពានអាកាសស្ទឹងមានជ័យ ដួលសន្លប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបយសស្រាលខណៈជិះម៉ូតូលឿនដល់ចំណុចផ្លូវកោង ក្រោមស្ពានអាកាសស្ទឹងមានជ័យចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលទាំងកំរោលតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី យប់ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្រោមស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ ជិះម៉ូតូម៉ាកហុងដា Wave ពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវកោង ស្ពានអាកាសស្ទឹងមានជ័យហើយ ទំនងអ្នកបើកបរចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យបុរសម្នាក់សន្លប់រងរបួសធ្ងន់និងរួមដំណើរម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារយកត្រឡប់ទៅវិញ៕ ប្រាថ្នា


ចែករំលែក៖