ភ្នំពេញ៖ បុរសម្នាក់នាំប្រពន្ធឈឺពោះទៅមន្ទីរពេទ្យ ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែប្រពន្ធឆ្លងទន្លេនៅតាមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីឆ្លងទន្លេតាមផ្លូវមានឈ្មោះ លន់ ផល្លា អាយុ៣៧ឆ្នាំ(ចាំដីឲ្យគេ)ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកឯប្តីឈ្មោះសយ សៀន អាយុ៥១ឆ្នាំ រស់នៅជាមួយគ្នា មានស្រុកំណើតនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសម្ដីរបស់ស្រ្តីជាម្តាយបានឲ្យដឹងថា កូនក្នុងផ្ទៃ គ្រប់ខែហើយៗរូបគាត់បានភ្លេចថ្ងៃដែលត្រូវសម្រាល ខណៈដែលដេកសម្រាកជាង ពាក់កណ្តាលអធ្រាត្រម៉ោង២ គាត់មានអាការៈឈឺពោះដឹងខ្លួនមិនស្រួល។ បន្ទាប់មកបានឲ្យប្តីឌុបជូនពីកន្លែងចាំដីទៅមន្ទីរពេទ្យ លុះធ្វើដំណើរ កាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង មកដល់ចំណុចខាងលើ អាការៈកាន់តែចុកសៀតពោះ ទៅលែងរួច ក៏បែកទឹកភ្លោះឆ្លងទន្លេបានកូនស្រីមួយ។
តាមសម្ដីរបស់ប្តីស្រ្តីរូបនេះឲ្យដឹងថា នៅមុនពេលដឹកប្រពន្ធរបស់គាត់ទៅមន្ទីរពេទ្យ រូបគាត់ស្រែកហៅរ៉ឺម៉កកង់បី និងរថយន្តដែលធ្វើដំណើរឆ្លងកាត់ថែមទាំងសំពះសុំអង្វរឲ្យជូនប្រពន្ធដើម្បីទៅមន្ទីពេទ្យតែពុំមាននរណាឈប់ឡើយធ្វើឲ្យគាត់ទាំង២នាក់ប្រពន្ធទ្រាំតាមកម្មវាសនា។
ក្រោយពេលកើតហេតុ ស្ត្រីឆ្លងទន្លេខាងលើត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១បានដឹងទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសំរាកព្យាបាលប្រកបដោយសុវត្ថិភាពទាំងម្តាយ និងទារិកា៕ សុខាសែនជ័យ