ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញបំផ្លាញទាំងត្រី រំលោភទាំងដីសាធារណៈ គ្មានមន្រ្ដីជំនាញណាចុះហាមឃាត់់

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រឡាយមេរំដោះទឹកមួយកន្លែងកំពុងរងការចាក់ដីលុបពីសំណាក់ឈ្មួញដីដ៏ល្បីឈ្មោះម្នាក់ ជាថៅកែស្រះត្រី បាននិងកំពុងតែចាក់ដីលុបប្រឡាយទឹកធ្វើផ្លូវចូលទៅស្រះត្រី ដែលជាកម្មសិទ្ធិរបស់ខ្លួន មានទីតាំងនៅក្បែររមណីយដ្ឋានភ្នំក្រោម ភូមិចុងស្រុក ឃុំសៀមរាប ខេត្តសៀមរាប។

នេះជាការអភិវឌ្ឍន៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ តែខាងមន្រ្ដីជំនាញ រ៉ែ ថាមពល គ្មានការអើពើហាមឃាត់នោះទេ ធ្វើឲ្យមហាជន រឹះគន់ថា ទំនងជាមន្រ្ដីទាំងនោះត្រូវថ្នាំសណ្ដំរហូតជាប់ត្រគាក ងាកខ្លួនមិនរួច ទើបបណ្ដែតបណ្ដោយឲ្យឈ្មួញ ចាក់ដីរំលោភយកដីប្រឡាយមេដ៏សំខាន់មួយនេះតាមតែទំនើងចិត្ត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា​ ឈ្មួញដីដុះស្លែ ឈ្មោះ សិទ្ធិ ជាថៅកែស្រះត្រី មានដីនៅ នៅតំបន់ក្បែររមណីយដ្ឋាន ភ្នំក្រោមនេះ រាងរាល់ថ្ងៃ គឺជីកដីលក់បង្តើតស្រះត្រីធំៗ ជួលឲ្យជនជាតិវៀតណាម ចិញ្ចឹមត្រីឆ្ដោរ ស៊ីនុយ ត្រីទន្លេសាប ត្រូវបានពលរដ្ន ដាក់រហស្សនាម ថា ឈ្លើងសង្គម បំផ្លាញទាំងត្រី រំលោភទាំងដីសាធារណៈ។

ចំពោះការចាក់ដីលុបប្រឡាយមេធ្វើផ្លូវចូលទៅស្រះត្រី​នេះ ភ្នាក់ងារយកព័ត៌មានបានសម្ភាសន៍ជាមួយលោក សិទ្ធិ ម្ចាស់ដី ដែលជាថៅកែស្រះត្រី​ គាត់បានបកស្រាយថា​ ការចាក់ដីនេះ​មានលូដាក់រួចហើយៗ នៅក្បែរៗហ្នឹង ក៏មានគេចាក់ដីដូចគ្នា​ ហេតុអីមិនទៅហាមឃាត់គេផង ។

ប្រជាពលរដ្នបានបញ្ជាក់ថា ប្រព័ន្ធប្រឡាយទឹកមេ មានមាត់ទំហំ ជិត២០ម៉ែត្រ តែលោក​ សិទ្ធិ យកលូ មុខកាត់មិនដល់១ម៉ែត្រផងទៅដាក់ សួរថា ​បើសំរាមស្ទះបន្តិចបន្ដិច ទឹកអាចហូរបាន ឬទេ?​ ចំពោះកន្លែងផ្សេងគេមិនចាក់ដីលុបដូចលោក សិទ្ធិទេ គឺគេទុកផ្លូវទឹកជា១០ម៉ែត្រឯណោះ ។

លោក ជូ រ៉ាម៉ី ប្រធាន មន្ទីរ រ៉ែ ថាមពល ខេត្តសៀមរាប មិនអាច សុំការបំភ្លឺបានទេ ជុំវិញការចាក់ដីនេះ​ ដោយសារព្យាយាម ទំនាក់ទំនងតាមទូរស័ព្ទគឺ​ជាប់រវល់រហូត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាប បានបញ្ជាក់តាម ប្រព័ន្ធ តេឡេក្រាមថា លោកនឹង ឲ្យមន្រ្ដីជំនាញរបស់លោក ចុះទៅមើល ទន្ទឹមនឹងនោះ ប្រជាពលរដ្ន​រង់ចាំមើលចំណាត់ការរបស់លោក មានប្រសិទ្ធ ភាពដែរឬទេ​ ចំពោះឈ្មួញដុះស្លែរខាងជីកដីលក់ និងចូលចិត្តរំលោភយកដីប្រឡាយធ្វើ​​ជាកម្មសិទ្ធិដោយមិនញញើតច្បាប់ទាំងនេះ​​។

ជុំវិញបញ្ហាចាក់ដីលុបប្រឡាយមេនេះ ប្រជាពលរដ្នបានសំណូមពរសុំឲ្យ លោក ស៊ូផ្លាតុង អភិបាលក្រុងសៀមរាប លោកចុះពិនិត្យ ឲ្យបានត្រឹមត្រូវ និងសុំឲ្យលោក អភិបាលខេត្ត រឹតបណ្ដឹងច្បាប់រ៉ែ និងថាមពលផង ព្រោះកន្លងមក មានភាពធូររលុងក្នុងការបើកដៃ អាងខ្នង ឲ្យឈ្មួញជីកដីលក់មានជំរៅរហូតដល់ក្បាល់ប្រែត ៕ ប៊ុន រិទ្ធី​​


ចែករំលែក៖