ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំមួយស្តីពីការពិនិត្យលើទម្រង់បែបបទសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិតនៅមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចប្រជុំនេះបានដំណើរការឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេធិការ និងជាប្រធានគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅមណ្ឌលកែប្រែទី១ ទី២ ទី៣ និងទី៤ នៅឯសាលប្រជុំក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍បានឲ្យដឹងថា នាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា បានទទួលសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិនៅមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សរុប១៤៤នាក់(ស្រី២១នាក់)ស្មើនឹង៩,៣៧% នៃទណ្ឌិតសរុប១៥៣៦នាក់ ក្នុងចំណោមជនជាប់ឃុំ៩២៥៧នាក់នៅមណ្ឌលអប់រំកែប្រែទាំង៤។
របាយការណ៍ដដែលបញ្ជាក់ឲ្យដឹងទៀតថា ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅមណ្ឌលអប់រំកែប្រែទី១៖ មាន៧២នាក់ ស្មើនឹង១៧,៣៩% នៃទណ្ឌិតសរុប៤១៤នាក់ ក្នុងចំណោមជនជាប់ឃុំ៦១១៨នាក់។ ក្នុងនោះសុំបន្ធូរបន្ថយទោស៦ខែ មាន៣៥នាក់ សុំបន្ធូរបន្ថយទោស៩ខែ មាន១៨នាក់ សុំបន្ធូរបន្ថយទោស១២ខែ មាន១៥នាក់ សុំបន្ធូរបន្ថយទោស១ជីវិតមកត្រឹម២០ឆ្នាំ មាន១នាក់ និងសុំលើកលែងទោស មាន៣នាក់ផងដែរ។ ជាមួយគ្នានេះ នាយកដ្ឋានអប់រំកែប្រែបានធ្វើការពិនិត្យលើទម្រង់បែបបទ សំណុំឯកសារពាក់ព័ន្ធរបស់ទណ្ឌិតម្នាក់ៗ ដោយមានទណ្ឌិតម្នាក់គឺលេខរៀងទី៥៣ មានតែសំរង់សាលក្រមប៉ុណ្ណោះ។
មណ្ឌលអប់រំកែប្រែទី២៖ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមាន២៦នាក់(ស្រី២១នាក់) នឹងស្មើ១៨,៥៨%នៃទណ្ឌិតសរុប១៤០នាក់ ក្នុងចំណោមជនជាប់ឃុំសរុប១៣០៩នាក់។ក្នុងនោះសុំបន្ធូរបន្ថយទោស៦ខែ មាន១០នាក់(ស្រី៦នាក់) សុំបន្ធូរបន្ថយទោស៩ខែ មាន២នាក់(ស្រី២នាក់) សុំបន្ធូរបន្ថយទោស១២ខែ មាន៨នាក់(ស្រី៨នាក់) សុំបន្ធូរបន្ថយទោស១ជីវិតមកត្រឹម២០ឆ្នាំ មាន១នាក់(ស្រី) និងសុំលើកលែងទោស មាន៥នាក់(ស្រី៤នាក់)។ ជាមួយគ្នានេះផងដែរ នាយកដ្ឋានអប់រំ បានធ្វើការពិនិត្យថា៖ លើទម្រងើបែបបទសំណុំឯកសារពាក់ព័ន្ធរបស់ទណ្ឌិត៣នាក់ ដែលមានលេខរៀងទី០២ ទី០៦ និងទី០១ មានតែសំរង់សាលក្រម។
មណ្ឌលអបើរំកែប្រែទី៣៖ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមាន២៥នាក់ នឹងស្មើ៣,០៤% នៃទណ្ឌិតសរុប៨២០នាក់ ក្នុងចំណោមជនជាប់ឃុំ១៥៤២នាក់។ ក្នុងនោះសុំបន្ធូរបន្ថយទោស៦ខែ មាន៤នាក់ សុំបន្ធូរបន្ថយទោស៩ខែ មាន៧នាក់ សុំបន្ធូរបន្ថយទោស១២ខែ មាន៨នាក់ សុំបន្ធូរបន្ថយទោស១ជីវិតមកត្រឹម២០ឆ្នាំ មាន១នាក់ និងសុំលើកលែងទោស មាន៥នាក់។នាយកដ្ឋានអប់រំកែប្រែ ក៏បានធ្វើការពិនិត្យឃើញថា៖ លើទម្រង់បែបបទសំណុំឯកសារពាក់ព័ន្ធរបស់ទណ្ឌិតម្នាក់ៗ មានឯកសារគ្រប់គ្រាន់។
មណ្ឌលអប់រំកែប្រែទី៤៖ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមាន២១នាក់ នឹងស្មើ១៥% នៃទណ្ឌិតសរុប១៤០នាក់ ក្នុងចំណោមជនជាប់ឃុំ២៨៨នាក់។ ក្នុងនោះសុំបន្ធូរបន្ថយទោស៦ខែ មាន៧នាក់ សុំបន្ធូរបន្ថយទោស៩ខែ មាន៦នាក់ សុំបន្ធូរបន្ថយទោស១២ខែ មាន១នាក់ សុំលើកលែងទោសមាន៧នាក់ ហើយនាយកដ្ឋានអប់រំកែប្រែ បានធ្វើការពិនិត្យឃើញថា៖ លើទម្រង់បែបបទសំណុំឯកសារពាក់ព័ន្ធរបស់ទណ្ឌិតម្នាក់ៗ មានឯកសារគ្រប់គ្រាន់។
របាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងដែរថា បញ្ជីឈ្មោះដែលបានស្នើសុំ១៤៤នាក់នេះ មានបទល្មើសគ្រឿងញៀន១នាក់ បទល្មើសប្លន់មាន១៩នាក់ បទល្មើសរំលោភសេពសន្ថវៈ៣៥នាក់(ក្រោមអាយុ១៥ឆ្នាំ មាន១៣នាក់) បទល្មើសមនុស្សឃាត និងឃាតកម្មគិតទុកមុន៥០នាក់ បទល្មើសជួញដូរមនុស្ស២៣នាក់(អាយុក្រោម១៥ឆ្នាំមាន១០នាក់) បទល្មើសចាប់ជំរិតមាន២នាក់ និងបទល្មើសផ្សេងៗមាន១០នាក់។
ដោយឡែកពាក់ព័ន្ធនិងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសវិញ បើយោងតាមប្រភពមន្ត្រីពន្ធនាគារបានឲ្យដឹងថា ក្នុង១ឆ្នាំយើងធ្វើឡើង៣ដង គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យវិសាធបូជា និងពិធីបុណ្យអុំទូក។ ការស្នើសុំនោះលុះត្រាណាតែជននោះក្លាយជាទណ្ឌិត ការកែប្រែរបស់ខ្លួននៅក្នុងពន្ធនាគារ និងបានអនុវត្តទោសឲ្យបាន១/៣នៃទោសអាចស្នើសុំបន្ធូរបន្ថយបាន ហើយបើទណ្ឌិតនោះអនុវត្តទោសរបស់ខ្លួនបាន២/៣ អាចស្នើសុំការលើកលែងទោសបាន៕ តាឡឹម