ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងឥន្ធនៈពីរកន្លែងនៅខណ្ឌច្បារអំពៅត្រូវសមត្ថកិច្ចកាំកុងត្រូលរកឃើញថា លក់ប្រេងមិនគ្រប់ចំណុះនិងយកប្រេងធម្មតាធ្វើជាប្រេងស៊ុបពែរ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជំនាញកាំកុងត្រូលនាព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះបានរកឃើញស្ថានីយប្រេងឥន្ធនៈ ចំនួនពីរកន្លែងទៀត គឺស្ថានីយប្រេងតេលា (១៦៨) និងស្ថានីយប្រេងតេលា (សុខសាន) ស្ថិតតាមបណ្តោយផ្លូវលេខ១១៤ ក្នុងខណ្ឌច្បាអំពៅ ថាលក់មិនគ្រប់ចំណុះតាមកុងទ័រ ហើយយកប្រេងធម្មតា ធ្វើជាប្រេងស៊ុបពែរថែមទៀតផង។

ការត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូនេះដឹកនាំដោយលោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ដែល ធ្វើឡើងដោយក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តក្នុងគោលបំណង ការពារផលប្រយោជន៍ អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំផ្សេងៗ។

មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត។ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ដេប៉ូ៣កន្លែងនៅទីតាំងខាងលើនេះ គឺមានដេប៉ូ LIM LONG ទេដែលមានអនុលោមភាពលើផ្នែករង្វាស់រង្វាល់ ចំណែកដេប៉ូ TELA (១៦៨) និងTELA (សុខសាន) មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវ តាមបទដ្ឋានរង្វាស់រង្វាល់ឡើយ។ និងបានលក់ប្រេងធម្មតា ជាប្រេងស៊ុបពែរ ។

យ៉ាងណាក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន 95 ពិតបា្រកដ ហើយដេប៉ូទាំង៣ខាងលើ គឺបានដាក់លក់ប្រេង ឥន្ធនៈត្រឹមត្រូវ ទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ។

លោក មាន ចំណាប់ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារ អ្នកប្រើប្រាស់តាមផ្លូវច្បាប់។

លោកបន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់ប្រេងក្នុងស្ថានីយនីមួយៗ។

ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការលក់ប្រេងឥន្ធនៈមិនត្រូវតាមស្តង់ដារនេះ នគរវត្ត មិនអាចសុំការបំភ្លឺពីម្ចាស់ស្ថានីយ៍ទាំងពីរកន្លែងបានទេ កាលពីម្សិលមិញនេះ ៕ ប្រាថ្នា


ចែករំលែក៖