ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជាឲ្យ អាជ្ញាធរខណ្ឌទាំង១២ធ្វើការត្រួតពិនិត្យកុងស៊ីបញ្ចាំឲ្យបានជាប់លាប់ ដើម្បីកាត់បន្ថយបទល្មើសនិងបង្កើនចំណូលចូលរដ្ឋ ស្របពេលដែលកុងស៊ីបញ្ចាំមួយចំនួនមិនប្រាកដថា អនុវត្តបានល្អទៅតាមផែនការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំនេះថា ៖ កុងស៊ីបញ្ចាំ កន្លងមកនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការក៏ដូចជាទិសដៅឲ្យបណ្តាខណ្ឌទាំងអស់ អនុវត្តន៍ចុះត្រួតពិនិត្យ ជាពិសេសគឺត្រូវលុបំបាត់ឲ្យបាននូវកុងស៊ីដែលអត់ច្បាប់ កុងស៊ីមានច្បាប់ តែហួសសុពលភាព និងកុងស៊ីមានច្បាប់ដែរ តែមិនបានអនុវត្តន៍តាមនីតិវិធី នៃការរកស៊ីកុងស៊ីបញ្ចាំសម្ភារៈនោះ ។ ជាទិសដៅបន្ត លោកអភិបាល បានណែនាំបន្តធ្វើការកិច្ចការងារនេះ ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ពោលគឺគ្រប់ខណ្ឌទាំងអស់ត្រូវបន្តចុះត្រួតពិនិត្យ អនុវត្តន៍ឆែកឆេរគ្រប់កុងស៊ីបញ្ចាំទាំងអស់ ដើម្បីធានាឲ្យបានថា នៅក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួននោះ គឺពុំមានជាដាច់ខាតនូវកុងស៊ីដែលពុំមានច្បាប់អនុញ្ញាត។
លោកម៉េត មាសភក្តី បានបញ្ជាក់ទៀតថា៖ កុងស៊ីបញ្ចាំដែលមានច្បាប់អនុញ្ញាតហើយ ប៉ុន្តែហួសសុពលភាពសូម្បីតែមួយថ្ងៃ ក៏រាប់ថាមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរ ដោយលោកអភិបាល បានណែនាំយ៉ាងច្បាស់ថា ត្រូវតែចាត់វិធានការ និងណែនាំឲ្យម្ចាស់អាជីវកម្មនោះធ្វើច្បាប់ បើមិនព្រមទេ អាជ្ញាធរត្រូវចុះបិទអាជីកម្មនោះ ហើយម្ចាស់អាជីវកម្មកុងស៊ីបញ្ចាំនេះអាចប្រឈមមុខ និងវិធានការច្បាប់ ថែមទៀត ប្រសិនបើមិនព្រមអនុវត្តន៍តាមអាជ្ញាធរមានសមត្ថកិច្ចនោះ ។
ពាក់ព័ន្ធនឹងការលើកឡើងចំពោះការបិទកុងស៊ីបញ្ចាំនេះដែរ លោកឃួង ស្រេង បានបញ្ជាក់ហើយថា យើងត្រូវតែធ្វើកិច្ចការងារនេះ ដោយសារតែមានការងារពីរ ពាក់ព័ន្ធនឹងការងារគ្រប់គ្រងកុងស៊ីនេះ គឺទី១ ការបាត់ចំណូលរដ្ឋ ដោយសារការរកស៊ីពុំមានច្បាប់អនុញ្ញាត បានន័យថា ពួកគាត់បានគេចវេសពីការបង់ពន្ធចូលរដ្ឋ ។ អីចឹងទេ វានឹងធ្វើឲ្យពន្ធរបស់រដ្ឋបាត់ចំណូលដោយសារតែការប្រកបរបរអាជីវកម្មពុំមានច្បាប់នេះ ។ទី២ បើសិនជាយើងគ្រប់គ្រងមិនបានល្អទេ វានឹងជាចំណែកមួយបង្កភាពឲ្យមានការផ្លាស់ប្តូរ ពីផលចោរកម្មដែលមានជនទុច្ចរិតមួយចំនួន ដូចជាចោរលួច ,ឆក់, ប្លន់ ,គាស់ បានប្រព្រឹត្តបទល្មើសហើយនោះងាយស្រួល យករបស់ មកប្តូរយកសាច់ប្រាក់ ចេញពីហាងបញ្ចាំទាំងអស់នោះ។ ដូច្នេះទេ លើការងារនេះ លោកអភិបាលបានស្នើឲ្យឆែកឆេរត្រួតពិនិត្យ ហាងបញ្ចាំ ឬកុងស៊ីនេះ ឲ្យបានជាប់លាប់និងបន្តជារៀងរហូត ព្រោះយើងដឹងហើយថា ករណីដែលបានធ្វើល្អប្រសើរក្នុងមួយរយៈ ក៏ប៉ុន្តែមិនប្រាកដថាទៅថ្ងៃមុខកុងស៊ីបញ្ចាំដែលកំពុងប្រកបអាជីវកម្មនោះ មិនមានប្រព្រឹត្តបទល្មើស និងប្រព្រឹត្តផ្ទុយអំពីលក្ខន្តិកៈនៃការរកស៊ីទទួលបញ្ចាំនោះទេ អីចឹងទេត្រូវទាមទារឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យឲ្យបានជាប់លាប់ នៅតាមមូលដ្ឋានរបស់ខ្លួន៕ សំរិត