ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីពួកគេបានបំភ្លៃកុហក សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ដោយបុរសម្នាក់បានដើតួជានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃហើយ បានឃាត់ខ្លួនបុរសម្នាក់ ដោយចោទប្រកាន់ថា ជាក្រុមចោរប្លន់វៃយកម៉ូតូពីបុរសម្នាក់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ បានសម្រេច។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលដើរតួជាជនរងគ្រោះត្រូវគេប្លន់ម៉ូតូនោះឈ្មោះនូវ នឿន អាយុ៤៧ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យដែលដើរតួជានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឈ្មោះ សុខ រតនា អាយុ៣៥ឆ្នាំ ដោយឡែកជនសង្ស័យដែលដើរតួជាអ្នកប្លន់ម៉ូតូឈ្មោះ ទុំ សំណាង អាយុ២៨ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះនូវ នឿន បានដើរតួជាជនរងគ្រោះថា មានក្រុមជនសង្ស័យធ្វើសកម្មភាពវៃប្លន់យកយកម៉ូតូរបស់គេ ម៉ាកស្មាស់វីមួយគ្រឿង បានសម្រេចកាលពីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ បានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាព។ លុះរសៀលម៉ោង៣ថ្ងៃទី២៥ ខែឆ្នាំ ដដែល ឈ្មោះនូវ នឿន បានសហការជាមួយឈ្មោះសុខ រតនា ដោយដើរតួជានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅចាប់ឃាត់ខ្លួនឈ្មោះទុំ សំណាង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសហការជាមួយនគរបាលចោមចៅផងដែរ។
បន្ទាប់មកជនសង្ស័យទាំង២នាក់ បានដឹកឈ្មោះ ទុំ សំណាង មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយអះអាងថា ខ្លួនជាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មិនព្រមប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យនោះទេ ដោយប្រាប់លោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យថា គេនាំជនសង្សយ័ទៅកាន់ក្រសួងមហាផ្ទៃ ហើយបានចងខ្សែរឹតឈ្មោះ ទុំ សំណាង ដឹកតាមម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿង អត់ស្លាកលេខ រហូតដល់ចំណុចមុខប៉ុស្តិ៍លេខ៣ចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ទើបអាវុធហត្ថដែលឈរជើងនៅទីនោះបានឃាត់ឲ្យឈប់សាកសួរ ហើយក៏បានបញ្ជូនជនសង្សយ័ទាំង៣នាក់មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យវិញ។
លុះបញ្ជូនមកដល់ប៉ុស្តិ៍ស្ទឹងមានជ័យសាកសួរ ទើបបែកធ្លាយថា ជាករណីឲ្យម៉ូតូខ្ចីយកទៅទិញគ្រឿងញៀនជក់ជាមួយគ្នា មិនមែនជាករណីវាយប្លន់នោះទេ។
បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ សុខាសែនជ័យ