ភ្នំពេញ៖ ករណីយកឈ្មោះនាយឧត្ដមសេនីយ៍គតិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្ត្រី ឆបោកប្រាក់អ្នកដទៃ៤ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី០៤ ខែតុលា ខាងមុខនេះ តុលាការកំពូលគ្រោងកាត់ទោសអតីតចាងហ្វាងកាសែតវាលឥន្ទ្រី។
មន្ត្រីតុលាការ ថ្លែងថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ព្រមទាំងលោក លីមលីណាំ ជាមេធាវីការពារក្ដីជនជាប់ចោទ ។
ជនជាប់ចោទ ឈ្មោះ ជុង ហៃយ៉េន ចាងហ្វាងកាសែតវាលឥន្ទ្រី ជាប់ទោសពីបទ”ឆបោក”ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ តាមមាត្រា៣៧៧និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នជនជាប់ចោទមានទោស១ឆ្នាំ៦ខែ បានត្រូវសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានបញ្ជាក់ថា ដើមចមដែលនាំឲ្យមានការផ្ដន្ទាទោសនេះ បានកើតឡើងកាលពីអំឡុងឆ្នាំ២០១១កន្លងទៅ ឈ្មោះ ជុង ហៃយ៉េន បានអះអាងប្រាប់ជនរងគ្រោះថា ខ្លួនជាកូនចៅរបស់នាយឧត្ដមសេនីយ៍គតិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឱ្យជនរងគ្រោះមានការជឿជាក់ ព្រមប្រគល់ប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិក រត់ការយកអាជ្ញាប័ណ្ណដាក់ ផ្លាកសញ្ញាចរាចរណ៍តាមផ្លូវសាធារណៈ។
អស់រយៈពេលជាង២ឆ្នាំក្រោយមក ឈ្មោះ ជុង ហៃយ៉េន រត់ការមិនបានសម្រេចតាមការសន្យានោះទេ ហើយព្យាយាមគេចវេះថែមទៀតផង។ ដូច្នេះហើយជនរងគ្រោះធ្វើការសាកសួរទើបដឹងថា ពុំមែនជាកូនចៅរបស់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ទេ ទើបដាក់ពាក្យបណ្ដឹងមកតុលាការ ដើម្បីចាត់ការតាមច្បាប់៕ ចេស្តា