ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អ្នកប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិថា ចំណាយលុយ​

ចែករំលែក៖

មួយរយៈពេលកន្លងមកនេះ សកម្មភាពនៃការប្រឡងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិត្រូវបានប្រព្រឹត្តទៅនៅតាម​បណ្តាខេត្ត ដោយក្នុងនោះស្នងការនគរបាលខេត្តជាអ្នករៀបចំការប្រឡងផ្ទាល់។ បេក្ខជន​ជាច្រើននៅតាម​បណ្តា​ខេត្ត​សុទ្ទតែអះអាងស្រដៀងគ្នាថា ពួកគេបានចំណាយប្រាក់​យ៉ាងហោចណាស់៥ពាន់ដុល្លារសម្រាប់ការប្រឡង​។ ទឹកប្រាក់៥ពាន់ដុល្លារមិនប្រាកដថា នឹងជាប់នោះផងទេ។

យុវជនម្នាក់​នៅខេត្តត្បូងឃ្មុំនិយាយថា ខ្លួនបានចំណាយទឹកប្រាក់៥ពាន់ដុល្លារ​ឲ្យទៅមន្ត្រីនគរបាលម្នាក់។ គេថា បើមិនជាប់ទេប្រគល់ប្រាក់ឲ្យវិញ។ រីឯអ្នកផ្សេងទៀតដែលហ៊ានចំណាយប្រាក់រហូតដល់៧ពាន់ដុល្លារអះអាងថា ខ្លួនមានសង្ឃឹមច្រើន។ ការចំណាយប្រាក់ហាក់ដូចជាមានការលាក់លៀម និងស្ងាត់កំបាំង។ គេនិយាយថា បញ្ហា​នៃ​ការប្រឡងដែលរៀបចំនៅតាមខេត្ត​មានលាយឡំដោយអំពើពុករលួយច្រើន។ បេក្ខជនប្រឡងភាគច្រើនចំណាយប្រាក់ឲ្យទៅ​ខ្សែបណ្តោយនៃមន្ត្រីនគរបាល។

ការប្រឡងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិកាលពីឆ្នាំមុនរៀបចំដោយក្រសួងមហាផ្ទៃធ្វើឲ្យមានបញ្ហាចម្រូងចម្រាសជាច្រើន។ សម្រាប់ពេលនេះគឺក្រសួងមហាផ្ទៃផ្តល់សិទ្ធិឲ្យស្នងការដ្ឋាននគរបាលខេត្ត​រៀបចំការប្រឡងជ្រើសរើស។ ហេតុដូច្នេះហើយបានជាមានលេចឮថាមានអំពើពុករលួយនៅក្នុង​ការប្រឡង ហើយមិនមែនមានតែនៅខេត្តត្បូងឃ្មុំនោះទេ នៅខេត្តផ្សេងទៀតក៏មានលេចឮដូចគ្នានេះដែរ៕

 

 

 


ចែករំលែក៖