ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានថ្លែងថា សម្តេចគ្មាន សង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០នៅលើទឹកដីខេត្តស្វាយរៀងនោះឡើយ។ សម្តេចតេជោបានស្នើឲ្យ ប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមីដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋនៅតំបន់នោះ ។
ការថ្លែងបង្ហាញពីការគ្មានជំនឿទៅលើសហរដ្ឋអាមេរិកក្នុងការយកគ្រាប់បែកគីមីក្នុងខេត្តស្វាយរៀង និងបញ្ជាឲ្យប្រើកញ្ចប់ថវិកាពិសេសដើម្បីដោះស្រាយបញ្ហាសង្រ្គោះ ជីវិតប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង ពេលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យចេនឡាជិត៣ពាន់នាក់នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។
សម្តេចតេជោបានថ្លែងបង្ហាញពីការ ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពល រដ្ឋ និងសិស្សានុសិស្សនៅតំបន់ដែលបាន រកឃើញគ្រាប់បែកគីមីនោះ។ សម្តេចតេជោ បានណែនាំឲ្យដោះស្រាយបញ្ហានេះឲ្យ បានមុនសិស្សចូលរៀនវិញហើយបើសិស្ស ចូលរៀនក៏ត្រូវជម្លៀសពួកគេផងដែរ ។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះ «អ៊ីចឹងទេយើងត្រូវធ្វើបើទោះបីយ៉ាងម៉េចក៏ដោយនេះជាបញ្ហារបស់យើង។ ខ្ញុំបាន និយាយថា សូមឲ្យអាមេរិកមកយក ប៉ុន្តែ ចាំទៅដេកដល់តែថ្ងៃងាប់ទៀតក៏មិនទាន់អាមេរិកមកយកទេគ្រាប់ហ្នឹងនោះ អ៊ីចឹងទេ សុវត្ថិភាពខ្លួនឯង។ យើងត្រូវដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មាធិការជាតិ អាវុធគីមីរបស់យើងហើយត្រូវជម្លៀស ប្រជាជនហើយបើត្រូវធ្វើតាមរយៈអ្នកឯកទេសអាវុធគីមីរបស់យើង ។ នេះជាលទ្ធ ផលនៃសង្រ្គាមពីអតីតកាលដែលបន្សល់ទុកឲ្យយើង» ។
សម្តេចតេជោបានរំលឹកថា គ្រាប់បែក គីមីជាអាវុធដ៏ប្រល័យនិងគ្រោះថ្នាក់បំផុតនៅលើពិភពលោក ហើយគ្រាប់បែកគីមី នេះហើយ ដែលអាមេរិកបានយកជាលេស ដើម្បីលោក សាដាំ ហ៊ូសេន ពីតំណែង ។
គ្រាប់បែកគីមីរបស់អាមេរិកបន្សល់លើដីខ្មែរពីសម័យសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលអាជ្ញាធរកម្ពុជាបានរកឃើញហើយ កំពុងបង្កជាការភ័យខ្លាចខ្លាំងដល់ប្រជា ពលរដ្ឋខ្មែរនេះមានចំនួនពីរគ្រាប់ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយ រៀងដោយមួយគ្រាប់ស្ថិតនៅក្បែរវត្តនិង មួយគ្រាប់ទៀតស្ថិតនៅក្បែរសាលារៀន។
លោក ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់ថា សុីម៉ាក់ បានឲ្យដឹងថា គ្រាប់បែកគីមីនោះជាប្រភេទ Chlorobenzalmalononitrile (CS) ដែល ទម្លាក់ពីលើយន្តហោះរបស់អាមេរិកប្រសិន បើកផ្ទុះនឹងផលប៉ះពាល់ខ្លាំងដែលអាចបង្កឲ្យថប់ដង្ហើមក្មេងកើតមិនគ្រប់ខែនិងបញ្ហាមួយចំនួនទៀត ។
ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោក៏បានរំលឹកពី បញ្ហាគ្រាប់បែកគីមីនេះផងដែរ។ សម្តេច តេជោបានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាទៅមើលគ្រាប់បែកគីមីនោះព្រមទាំងស្នើដល់រដ្ឋាភិបាលអាមេរិកឲ្យពិចារណាឡើងវិញពីបញ្ហាគ្រាប់បែកនៅលើដីកម្ពុជាដែលអាមេរិកបានទម្លាក់ពីសម័យសង្រ្គាមប្រមាណ២លាន៧សែន តោនដោយមិនត្រូវគិតតែអដ្ឋិធាតុទាហានអាមេរិកនិងបំណុលនោះឡើយ ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣អាមេរិក បានទម្លាក់គ្រាប់បែកជិត៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជា កន្លះលាននាក់បានស្លាប់និងជាច្រើនលាននាក់ស្លាប់ដោយសារជំងឺ ហើយប្រជាពល រដ្ឋខ្មែររាប់លាននាក់ទៀតត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែង។ ជាពិសេសគ្រាប់បែក គីមីរបស់អាមេរិកនៅតែបន្តធ្វើឲ្យប្រជា ពលរដ្ឋខ្មែររងគ្រោះដល់ពេលបច្ចុប្បន្នដែល ក្នុងនោះកុមារខ្មែរមួយចំនួនត្រូវជួបពិការភាពតាំងពីកំណើតព្រោះសារធាតុគីមីនេះ៕ ហេង សូរិយា