រុស្ស៊ីបានយល់ព្រមចូលរួមគម្រោងជាមួយអង្គការណាសា អាមេរិក ដើម្បីសាងសង់ស្ថានីយអវកាសនៅលើឋានព្រះចន្ទ ដែលជាផ្នែកមួយយូរអង្វែង ក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ពិភពផ្កាយ។
នៅដើមឆ្នាំនេះ អង្គការណាសា បាន ប្រកាស ចាប់ផ្តើមកម្មវិធី Deep Space Gateway (ច្រកទ្វារអវកាសជ្រៅ) ដែលជា គម្រោងមានដំណាក់កាលជាច្រើន ដើម្បីចូលទៅកាន់ ចក្រវាលនៃព្រះចន្ទ។ តាមអង្គការណាសាដើម្បីកសាង គម្រោង ខាងលើ ក្រុមអវកាសយានិក ត្រូវឡើង ទៅតារាវិថីរបស់ព្រះចន្ទ ធ្វើជាច្រកទ្វារ ចូលជ្រៅទៅកាន់ភពព្រះចន្ទ។
កាលពីថ្ងៃទី២៧ខែកញ្ញា អង្គការ អវកាសរុស្ស៊ី Roscosmos បានប្រកាសថា កិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយ អង្គការអវកាសអាមេរិកត្រូវបានចុះហត្ថលេខា នៅសន្និបាតអវកាសក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលី។
អង្គការអវកាសរុស្ស៊ីបានប្រកាសថា«ដៃគូក្នុងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍបច្ចេកវិទ្យាអន្តរជាតិសម្រាប់ប្រើប្រាស់និងបង្កើតស្ថានីយ នៅក្នុងលម្ហអាកាសភពព្រះចន្ទ គឺអង្គការណាសា និង Roscosmos បានព្រមព្រៀងគ្នាក្នុងការបង្កើត ស្ថានីយ ខាងលើក្នុងពេលអនាគត»។
លោក Igor Komarov អគ្គនាយក អង្គការ Roscosmos បានឲ្យដឹងថា មក ទល់ពេលនេះមានប្រទេសចំនួនប្រាំ បានខិតខំបង្កើតបណ្តាញរបស់ខ្លួនផ្ទាល់ ដើម្បីបញ្ចៀស រៀងអាក្រក់កើតឡើងនៅ ពេលអនាគត ពាក់ព័ន្ធ នឹងបច្ចេកវិទ្យា ។
ក្រៅពីនេះរុស្ស៊ីនិងអាមេរិកក៏បានពិភាក្សា គ្នាពីការប្រើប្រាស់កាំជ្រួចមីស៊ីល Proton-M និង Angara របស់រុស្ស៊ីក្នុងការបាញ់ បង្ហោះយានអវកាសទៅកាន់ភពព្រះចន្ទ។ គម្រោងខាងលើនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ ២០២០៕ ម៉ែវ សាធី