ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញទារកនៅលើភ្លឺស្រែស្រែកយំឡើងស្វាយបបូរមាត់សង្ស័យគេយកមកបោះចោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទារកអាយុប្រហែល ៣ទៅ ៤ខែ ត្រូវបានស្រ្តីម្នាក់ប្រទះឃើញ នៅលើភ្លឺស្រែយ៉ាងអាណោចអាធ័ម ខណៈដែលទារករូបនេះកំពុងស្រែកយំរហូតស្វាយបរបូមាត់ទៅហើយនោះ សង្ស័យអាណាព្យាបាលយកមកបោះបង់ចោលនៅទីនោះ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង១០នាទី រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងឃ្លាំងរលាំង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ទារកខាងលើនេះត្រូវបានស្រ្តីម្នាក់ឈ្មោះ សួន នី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជាអ្នកប្រទះឃើញ នៅគ្រាដែលគាត់យកជីទៅបាចស្រូវនៅម្ដុំនោះ ហើយបានសំឡេងក្មេងស្រែកយំល្វើយៗ ភ្លាមៗនោះគាត់បានភ្ទៀងស្ដាប់ហើយមានអារមណ៍ក្នុងងចិត្តថា អាចជាខ្មោចលងទាំងកណ្ដាលថ្ងៃឬយ៉ាងណា គិតបណ្ដើរព្រឺរោមបណ្ដើរប៉ុន្តែនៅតែបោះជំហ៊ានឆ្ពោះទៅរកសំឡេងក្មេងយំ ខណៈនោះពិតជាបានឃើញក្មេងកំពុងយំឡើងស្វាយបរបូមាត់ពិតប្រាកដ នៅលើភ្លឺស្រែក្រោមម្លប់ដើមឈើ(ស្ដៅ)មិនដឹងអ្នកណាដាច់ចិត្តយកមកបោះបង់ចោលបែបនេះសោះ គាត់ក៍ក្រសោមបីយកទៅជំរាប និងរាបរប់ប្រាប់មេភូមិនៅទីនោះតែម្តងទៅ។

លោកបន្តថា នៅកន្លែងប្រទះឃើញទារកមានខោរអាវចំនួន ០២កម្លេ និងម៉ួកចំនួន ០១ នៅក្នុងថង់ប្លាស្ទេច ហើយទារកនោះតាមការប៉ាន់ស្មានអាយុប្រហែល ៣ទៅ ៤ខែប៉ុណ្ណោះ អាចអាណាព្យាបាលយកមកបោះបង់ចោលនៅទីនេះ ប៉ុន្តែអាជ្ញាធរមានសមត្តកិច្ចធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ គ្មានតំរ៉ុយនោះទេ។

លោកថា ទារកនេះត្រូវបានធ្វើកំណត់ហេតុត្រឹមត្រូវប្រគល់ឲ្យគ្រួសារមួយនៅក្បែរនោះ ដែលមានជីវភាពធូរធាគួរសមសុំទទួលយកទៅចិញឹមបីបាច់ថែរក្សា ចាត់ទុកដូចជាកូនរបស់ពួកគាត់បង្កើតអញ្ចឹងនោះដែរ បញ្ជាក់បន្ថែមអ្នកទទួលយកទៅចិញ្ចឹមបីបាច់ថែរក្សានោះ មិនមែនស្រ្តីដែលប្រទះឃើញទារកនោះទេ៕ ប៉ឹម ពិន


ចែករំលែក៖