ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់នៅក្នុងអណ្ដាតភ្លើងដោយសារផ្ទុះចង្ក្រានហ្គាសបណ្តាលឲ្យឆេះតូចមួយទាំងស្រុង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ករណីផ្ទុះចង្ក្រានហ្គាសបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោ សន្ធៅឆាបឆេះកូនខ្ទម១ខ្នងទំហំ៤X៥ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារបណ្តាលឲ្យ បុរសម្នាក់ឆេះស្លាប់នៅក្នុងអណ្តាតភ្លើងនោះផងដែរ។ ករណីដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដៀប សុភី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ឪពុកបង្កើតជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុកូនរបស់គាត់បានយក ចង្ក្រានហ្គាសមកដាំបាយហូបនៅពេលព្រឹកគ្រានោះក៏យកកំប៉ុងហ្គាសមកបញ្ចូលក្នុង ចង្ក្រានរួចកាច់ហ្គាសស្រាប់តែផ្ទុះឆេះបង្ក ឲ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខ្ទមខ្ទេច រីឯកូនប្រុសរបស់ គាត់រត់ចេញមិនទាន់ ខណៈចង្រ្កានហ្គាសផ្ទុះត្រូវក៏បណ្តាលឲ្យឆេះស្លាប់នៅក្នុងខ្ទមដោយមិនអាចជួយសង្គ្រោះបាន ។

បើតាមសមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថាក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ និងអ្នកជិតខាង ព្រមទាំង កម្លាំងជំនាញបាននាំគ្នាជួយពន្លត់ដែរតែ ដោយសារអគ្គិភ័យឆាបឆេះរហ័សពេកទើបមិនអាចជួយសង្គ្រោះបានទាន់ពេល ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖