ភ្នំពេញ ៖ ភ្លៀងមួយមេធំមានរយៈពេលជិតពីរម៉ោង បានធ្លាក់ស្រោចស្រប់កណ្តាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៧ បានបណ្តាលឲ្យខណ្ឌទាំង១២ ជន់លិចដោយជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង ផ្លូវលំ មហាវិថីនានា និងធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរនិងប្រកបអាជីវកម្មស្ទើរពេញមួយថ្ងៃ ។
នៅតាមវិថីទំនាបនានា ដូចជានៅម្តុំវត្តភ្នំ ជាប់របងព្រះបរមរាជវាំង ភ្លើងស្តុបផ្សារដេប៉ូ ឃ្លាំងរំសេវ ផ្លូវកម្ពុជាក្រោម និងផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាដើមទឹកភ្លៀងបានលិចត្រឹមក្បាលជង្គង់ និងកន្លែងខ្លះស្ទើរត្រឹមចង្កេះអាចអុំទូកបាន ។ ទាំងនេះនៅមិន ទាន់គិតនៅតាមផ្លូវលំ ផ្លូវបេតុង ទំនាបផ្សេងទៀតនៅជាយក្រុង ដែលពោរពេញដោយទឹកភ្លៀ ងដក់រាប់ម៉ោង រកកន្លែងហូរឲ្យស្រកមិនបាននៅឡើយ ខណៈដែលប្រឡាយទឹកស្អុយបឹងត្រ បែកពេញប្រៀបដោយទឹកហូរស្ទើរមិនទាន់ដែរនោះ ។
បើទោះបីអាជ្ញាធររាជធានីភ្នំពេញ បានខិតខំបញ្ឆេះម៉ាស៊ីនបូមទឹកនៅស្ថានីយ៍បូមទឹក ទាំងអស់ដើម្បីបញ្ចៀសទឹកជន់ឲ្យធ្លាក់ទៅក្រៅក្រុង រួមជាមួយលូធំៗបានហូរនាំទឹកភ្លៀងរំដោះចេញយ៉ាងគង្ហុកយ៉ាងណាក៏ដោយ គេសង្កេតឃើញថាទឹកភ្លៀងមួយមេធំនេះ ហាក់ដូច ជាធ្វើឲ្យរាជធានីភ្នំពេញឋិតក្នុងលំហសមុទ្រ ទីណាក៏មានទឹក ទីណាក៏មានសំរាមហូរកាត់ ។
ថ្វីបើភ្លៀងមួយមេធំនេះពុំមានលាយលំដោយខ្យល់កន្ត្រាក់បំផ្លាញទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈ ឬ ប៉ះពាល់ដល់អាយុជីវិតមនុស្សយ៉ាងណាក៏ដោយ គេសង្កេតឃើញថាការធ្វើចរាចរណ៍បានត្រូវរាំងស្ទះផងដែរ ដោយសារទឹកជន់លិចរថយន្ត ម៉ូតូ សឹងដល់កែប និងយានយន្តខ្លះត្រូវទឹកចូលក្នុងម៉ាស៊ីនខូចខាតទាំងស្រុងក៏មាន ។
យ៉ាងណា អាជ្ញាធររាជធានីភ្នំពេញបាននិយាយថា ភ្លៀងធ្លាក់មួយមេចំកណ្តាលរាជធានីភ្នំពេញនាថ្ងៃនេះ ធំជាងពេលណាទាំងអស់ក្នុងឆ្នាំនេះ ដែលធ្វើឲ្យទឹកជន់លិចក្នុងខណ្ឌទាំង១២ ខូចខាតទ្រព្យសម្បត្តិប្រើប្រាស់របស់ប្រជាពលរដ្ឋមួយចំនួន។ អាជ្ញាធរមូលដ្ឋាននីមួយៗបានខិតខំដុតដៃជើងស្តារលូនិង បូមទឹកចេញទៅក្រៅក្រុង ដោយចំណាយ ពេលមិនតិចជាង៥ម៉ោង ទើបជំនន់ទឹកភ្លៀងស្រកអស់ ៕ ប្រាថ្នា