ភ្នំពេញ៖ លោកតាជុំ យ៉ុន អាយុ៦៥ឆ្នាំ មានទីលំនៅផ្ទះលេខ០៨ ផ្លូវលេខ២០៩ ក្រុមទី១ សហគមន៍សំរោង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានដាក់លិខិតជូនលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំអន្តរាគមន៍ផ្តល់យុត្តិធម៌ករណីដីធ្លីដែលត្រូវប្រធានសហគមន៍សំរោងលេបបំបាត់យក។ នៅក្នុងលិខិតជូនអភិបាលរាជធានីភ្នំពេញ លោកតាជុំ យ៉ុនបានឲ្យដឹងថា
ដីនិងផ្ទះដែលមានទីតាំងខាងលើ លោកតាបានទិញពីឈ្មោះ ធួន សុធា ដែលមានឈ្មោះឯក សំអុលប្រធានសហគមន៍សំរោងជាអ្នកធានាខុសត្រូវក្នុងការទិញលក់កាលពីអំឡុងឆ្នាំ២០០៥ ដែលនៅលើដីនោះមានផ្ទះតូចមួយប្រក់ស័ង្កសី ហើយលោកតាបានរស់នៅលើផ្ទះនេះអស់រយៈពេល៨ឆ្នាំ ដោយមានសៀវភៅស្នាក់នៅស្របច្បាប់ទៀតផង។ ក្រោយមកដោយលោកតាមានជំងឺប្រចាំកាយ កូនៗ ក៏បានយកលោកតាទៅនៅជាមួយមើលថែសុខភាព។
ចំណែកឯផ្ទះលេខ០៨ ស្ថិតនៅផ្លូវលេខ២០៩ ក្រុមទី១ ភូមិសំរោងនោះ លោកតាបានចាក់សោ ហើយផ្ញើឈ្មោះធួន សុធា ដែលមានផ្ទះនៅក្បែរគ្នាជួយមើល ពីព្រោះផ្ទះខាងលើនេះ លោកតាបានទិញពីឈ្មោះធួន សុធានោះស្រាប់។
ថ្មីៗនេះ អាជ្ញាធរបានចុះបែងចែកដីជូនប្រជាពលរដ្ឋក្នុងសហគមន៍សំរោងដើម្បីទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់។ ប៉ុន្តែអាជ្ញាធរមិនបានកោះហៅលោកតា ជុំ យ៉ុនមករៀបចំឯកសារកាន់កាប់ដីនោះឡើយ។ លោកតាបានដាក់លិខិតចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ មកអាជ្ញាធរខណ្ឌសែនសុខដើម្បីសុំអន្តរាគមន៍ប្រយោជន៍ទទួលបានសិទ្ធិស្របច្បាប់។ ប៉ុន្តែខាងសាលាខណ្ឌបញ្ជាក់ថា រង់ចាំការបែងចែកដីដំណាក់ទី១បញ្ចប់សិន។ ទីបំផុតការបែងចែកដីនេះ គឺលោកតាមិនទទួលបានដីនោះឡើយ។
ប្រភពបានឲ្យដឹងថា លោកឯក សំអុល ប្រធានសហគមន៍សំរោងជាអ្នកដែលបានរៀបចំផែនការដើម្បីយកដីលោកតាជុំ យ៉ុន។ លោកឯក សំអុលមិនអាចសុំការបំភ្លឺបានទេ៕ ហេង សូរិយា