ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើត ដែលបណ្ដាលឲ្យបុរសម្នាក់បាក់ឆ្អឹងខ្ទេចពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈបុរសរងគ្រោះរូបនេះ ជិះម៉ូតូទាក់ចង្កូតជាមួយរថយន្តបង្ក ហើយខ្ទាតចូលក្រោមកង់រថយន្តពីក្រោយ កិនទាំងជនរងគ្រោះ និងម៉ូតូខ្ទេចតែម្ដង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ ក្បែររោងចក្រស៊ីនឡានហួរ ស្ថិតក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ថេង ឡាយ ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងឃ្មុំ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយជិះម៉ាក Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BZ-7552 ។ ចំណែករថយន្តបង្កម៉ាក FUSO ក្បាលពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ កំពង់ស្ពឺ3A-1320 ។
ប្រភពឲ្យដឹងថា ឃើញរថយន្តបង្ក និងម៉ូតូរងគ្រោះបើកបរតាមបណ្ដោយផ្លូវ៣៧១ ស្របទិសគ្នាពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះខាងលើបានព្យាយាមជែងរថយន្តបង្ក ដោយបានពាក់កណ្តាលរថយន្តបង្ក ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀតបើកមកពីមុខ ធ្វើឲ្យម៉ូតូអ៊កស័រ ទាក់ដៃចង្កូតដួលចូលកង់ក្រោយរថយន្តបង្ក ទើបរថយន្តកិនក្បាលម៉ូតូខ្ទេច និងកិនជនរងគ្រោះចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យបាក់ឆ្អឹងខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់បានប្រហែល៥០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយដេញចាប់បាន ទាំងព្រូ និងតៃកុងប្រគល់ឲ្យសមត្ថកិច្ចយកទៅកាន់ប៉ុស្តិ៍បឹងទំពុនភ្លាមៗ ។
ក្រោយពេលកើតហេតុ រថយន្តបង្ក និងម៉ូតូរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង យកទាំងបុរស២នាក់ដែលជាតៃកុងរថយន្តនិងព្រូ ទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ