ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក ព្រូស ក្នុងល្បឿនលឿន ខណ:ធ្វើដំណើរមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ២គ្រឿង យ៉ាងពេញទំហឹង និងបណ្តាលឲ្យមានមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថី ម៉ៅសេទុង ត្រង់ចំណុចស្តុបបែកជាបួន កែងនិងផ្លូវត្រសក់ផ្អែមហៅផ្លូវលេខ៦៣ ក្នុងស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនមានគ្នា៦នាក់ បានជិះម៉ូតូ៤គ្រឿង ហើយបានធ្វើដំណើរតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីកើតមកលិច ខណ:ធ្វើដំណើរមកដល់ចំណុចស្តុបបែកជាបួន កែងផ្លូវលេខ ៦៣ ស្រាប់តែមានបុរសម្នាក់ បើកបររថយន្តព្រូសមួយគ្រឿង ពណ៍ស្ករ មានពាក់ស្លាកលេខភ្នំពេញ2AP- 0454 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយមិនគោរពភ្លើងស្តុបចរាចរណ៍ បានបើកមកបុកម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៍ សលាយផ្កាឈូក មានពាក់ស្លាកលេខ ភ្នំពេញ 1GK-5317 ពេញទំហឹង ធ្វើឲ្យម៉ូតូ ហោះផ្លោងមកផ្លូវម្ខាង ខណ:នោះ ក៏មានម៉ូតូមួយគ្រឿងម៉ាក និច ពណ៍សលាយខ្មៅ មានពាក់ស្លាកលេខ ភ្នំពេញ1BX- 8770 ក្នុងល្បឿនលឿន ដោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងរថយន្តព្រូសខាងលើពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តងនៅឯមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានសហជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក វាស់វែងយករថយន្តនិងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំភាគទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ ៕ ស រស្មី