ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តល់កិត្តិយអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ពានរង្វាន់ «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» ឆ្នាំ២០១៧។ និយាយអំពី លោកតា គង់ ណៃ សម្តេចតេជោ បានស្គាល់គាត់តាមរយៈបទចាប៉ី “ដំរីយោលដៃ”។ គឺពេលនោះនៅពេលដែលរដ្ឋសភារៀបចំពិធីជប់លៀងម្តងៗគឺ សម្តេចតេជោ តែងតែអោយអញ្ជើញ លោកតា គង់ណៃ មកច្រៀងចាបីុដងវែង។ ចំពោះពានរង្វាន់ “សិល្បៈនិងវប្បធម៌ហ្វុគុអូកា” កន្លងទៅគឺមានព្រឹទ្ឋាចារ្យ ឆេងផុន លោក អាង ជូលៀង និង លោកតា គង់ ណៃ បានទទួល។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអបអរសាទ និងកោតសរសើរចំពោះកិត្តិយស និងជោគជ័យនេះសម្រាប់ជាតិយើង។
សម្តេចតេជោ ហ៊ុន សែន រីករាយបដិសណ្ឋារកិច្ចអបអរសាទរចំពោះ លោកព្រឹទ្ឋាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលពានរង្វាន់ពីប្រទេសជប៉ុន។ សម្តេចតេជោ ក៏បានរំលឹកផងដែរអំពីប្រវត្តិដែលជួបលោកព្រឹទ្ឋាចារ្យកាលពីឆ្នាំ ១៩៨២ នៅខេត្តកំពតជាមួយសិល្បៈករសិល្បៈការនី ព្រមទាំង លោកតា ប្រាជ្ញ ឈួន។ គឺជាភ័ព្វសំណាងខ្លាំងណាស់ ដែលយើងបានចេញផុតរួចពីស្ថានភាពដ៏លំបាកលំបិននៃរបបប៉ុលពត។ សម្តេចតេជោ បានរំលឹកថា “ទទួលទានផ្លែឈើ ត្រូវនឹកដល់អ្នកដាំដើម” “ផឹកទឹក ត្រូវនឹកដល់ប្រភព“ ។ កាលពីមុនដោយសារប្រទេសអសន្តិសុខ រាល់នូវការសម្តែងល្ខាន និងសិល្បៈនានា គឺអតួង្គសម្តែងជាបុរសភាគច្រើនត្រូវកាន់កាំភ្លើងគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានរំលឹកអំពីការខិតខំរបស់អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៍ពីមុនដូចជា លោក កែវ ចិន្តា និងព្រឹទ្ឋាចារ្យ ឆេង ផុន ដែលបានប្រមែប្រមូលសិល្បៈករ សិល្បៈការនីដែលបាននៅរស់រានមានជីវិតពីរបបកាប់សម្លាប់ប៉ុលពត ដែលពេលនោះគឺជាដំណាក់កាលប្រមូលទុន ដើម្បីរៀបចំវប្បធម៍ជាតិអោយរស់ឡើងវិញ។ យើងបានខិតខំរួមគ្នាធ្វើអោយសិល្បៈវប្បធម៍ជាតិរស់រានមានជីវិត រួមទាំងចាប៉ីដងវែង ហើយដែលនៅឆ្នាំ២០១៦ ក៏បានដាក់បញ្ចូលជាបេតិកភ័ណ្ឌអរូបីយ៍ពិភពលោកផងដែរ។
ប្រសិនបើយើងក្រលែកមើលទៅក្រោយ គឺលំបាកខ្លាំងណាស់។ ចំពោះអ្នកដែលមិនធ្លាប់ដឹងពីអតីតកាលរបស់កម្ពុជាគឺមិនបានដឹងថាមានអ្វីកើតឡើងទេ។ អ្វីដែលគេបានឃើញសព្វថ្ងៃគឺគិតថាកម្ពុជាមិនមានអ្វីកើតឡើងឡើយ។
ជានិច្ចជាកាល សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ឋបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះមរតកមនុស្សរស់ តាមរយៈការជួយឧបត្ថម្ភជាថវិកាអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ សម្តេចតេជោ ក៏បានអបអរសាទរផងដែរចំពោះសិល្បៈសម័យ បើគ្មានបូរាណ ក៏គ្មានសម័យដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានសម្រេចជួបជាមួយសិល្បៈករសិល្បៈការនីខ្មែរទូទាំងប្រទេសក្នុងមួយឆ្នាំម្តងចាប់ពីឆ្នាំ ២០១៨ទៅ ដែលសម្រេចយកចំថ្ងៃទិវាវប្បធម៍ ៣មិនា ដែលនឹងធ្វើនៅកោះពេជ្រ ព្រោះអាចទទួលអ្នកចូលរួមបានច្រើន។ នៅក្នុងពិធីនោះគឺមានការញាំអាហាររួមគ្នា និងកម្មវិធីសម្តែងសិល្បៈកំសាន្តផងដែរ។
ទន្ទឹមនឹងនេះដែរ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានខិតខំលើកស្ទួយសិល្បៈវប្បធម៍ខ្មែរ ក្នុងនោះ រួមទាំងឧបករណ៍ភ្លេងខ្មែរជាដើម នៅក្នុងពិធីលៀងសាយភោជន៍ ដែលសម្តេចបានរៀបចំជូនភ្ញៀវអន្តរជាតិ និងប្រមុខរដ្ឋនានា ដែលមកទស្សនៈកិច្ចនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹក និងអរគុណ ព្រមទាំងកោតសរសើរដល់អតីតព្រឹទ្ឋាចារ្យ សាស្រ្តាចារ្យ សិល្បៈករ សិល្បៈការនីដែលបានទទួលមរណៈភាពទៅហើយក្តី និងអស់លោកព្រឹទ្ឋាចារ្យ សាស្រ្តាចារ្យ សិល្បៈករ សិល្បៈការនីទាំងអស់ដែលបាន និងកំពុងជួយទ្រទ្រង់វិស័យសិល្បៈវប្បធម៍ខ្មែរអោយរស់រាននិងមានកិត្យានុភាពមកទល់សព្វថ្ងៃ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់ជូនមេដៃព្រះរាជាណាចក្រថ្នាក់មហាសេរីវឌ្ឍន៍ជូន លោកតា គង់ ណៃ និងថវិកា ១០០ លានរៀល។ លោកតា ប្រាជ្ញ ឈួន ក៏ទទួលបានមេដាយព្រះរាជាណាចក្រថ្នាក់មហាសេរីវឌ្ឍន៍ និងថវិកាឧបត្ថម្ភ ២០លានរៀលផងដែរ។ សម្តេចតេជោបានរំលឹកថា “បើយើងរក្សាព្រៃបាន គឺមិនខ្វះអុសដុតនោះទេ” ហើយ “បើយើងរក្សាសន្តិភាពបាន ក៏មិនខ្វះឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនផងដែរ”។ សម្តេចតេជោ បានអំពាវនាវអោយយកចិត្តទុកដាក់អោយបានខ្លាំងថែមទៀត ក្នុងការថែរក្សា និងអភិរក្សលើសិល្បៈចាបីុ និងអាយ៉ៃ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ