ប៉ោយប៉ែត៖ បុរសម្នាក់បានចោទប្រកាន់មន្ត្រីពន្ធដារក្រុងប៉ោយប៉ែត ម្នាក់ថាប្រើសំដីមិនសមរម្យមកលើខ្លួន ពេលដែលខ្លួនទៅរកប័ណ្ណបង់ពន្ធរថយន្តដែលធ្វើជាង២ឆ្នាំហើយ មិនទាន់បាន។
ហេតុការណ៍នេះបង្កការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋដែលចូលទៅបង់ពន្ធនៅក្នុងការិយាល័យពន្ធដារក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ។
សេចក្តីរាយការណ៍ឲ្យដឹងថា បុរសដែលចោទមន្ត្រីម្នាក់នោះ ឈ្មោះលោក សុខ ឆៃលី បានរៀបរាប់ថា កាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៨ ខែកញ្ញា រូបលោកបានទៅបង់ពន្ធផ្លូវរថយន្តរបស់គាត់ និងរកប័ណ្ណសម្គាល់សម្រាប់បង់ពន្ធដែលបានធ្វើរយះពេលជាង២ឆ្នាំ តែបែរជាមន្ត្រីពន្ធដារម្នាក់ឆ្លើយថា «បើចង់បានប័ណ្ណហ្នឹងទៅរកនៅខេត្ត និងភ្នំពេញទៅ នៅទីនេះមិនមានទេ ទៅប្តឹងឯណា ប្តឹងទៅ» ទៅវិញ។
បុរសខាងលើបញ្ជាក់ថា មន្ត្រីពន្ធដារដែលប្រេីពាក្យអសុរសមានឈ្មោះ រ័ត្ន ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ ជាមន្ត្រីពន្ធដារបម្រើការងារក្នុងការិយាល័យពន្ធដារក្រុងប៉ោយប៉ែត។
ទាក់ទងបញ្ហានេះ លោក រ័ត្ន មន្រ្តីពន្ធដារបានបដិសេធទៅលើការចោទប្រកាន់នេះ ហើយបានលើកឡើងថា កាលនោះ លោកគ្រាន់តែពន្យល់ និងជម្រាបជូនឲ្យយល់ពីហេតុផលប៉ុណ្ណោះ តែពាក្យសំដីអសុរស ហ្នឹងមិនបានប្រាប់គាត់ឲ្យទៅប្តឹងនោះទេ។
លោក ហាក់ សុផលប្រធានពន្ធដារក្រុងប៉ោយប៉ែត បានលើកឡើងថា បុរសខាងលើមកនេះ គឺមករករឿងមន្ត្រីរបស់លោក ហើយលោកមិនជឿថា មន្ត្រីរបស់លោកប្រើពាក្យសំដី ដល់ថ្នាក់ហ្នឹងដែរ។
លោកបានគោះតុបន្តថា ប័ណ្ណសម្គាល់បង់ពន្ធរថយន្ត(ប័ណ្ណប្រាំពាន់រៀល)របស់ លោក សុខ ឆៃលី នេះមិនមែនមកពីខាងលោកនោះទេ គឺខាងខេត្តមិនទាន់ទំលាក់បញ្ជីមកខាងលោក តែរថយន្តនេះទោះមិនមានប័ណ្ណក៏ដោយ ក៏អាចបង់ពន្ធបានដែរ។
ក្រោយមកភាគីទាំងពីរ ហាក់ដូចជាសម្រួលគ្នាបានឡើងវិញ ហើយមន្ត្រីពន្ធដារប្រាប់ឲ្យលោកសុខ ឆៃលី មកបង់ពន្ធនៅថ្ងៃចន្ចខាងមុខនេះ៕ វណ្ណា