បញ្ចប់កិច្ចប្រជុំជាផ្លូវការនិងបើកជំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពិស្ថានភាពហិង្សានៅរដ្ឋរ៉ាឃីន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបានអំពាវនាវ ដល់ក្រុមប្រឹក្សាសន្តិសុខ ធ្វើសកម្មភាពដើម្បីបញ្ចប់អំពើហិង្សានៅប្រទេសមីយ៉ានម៉ា។
លោកGuterresបានស្នើឲ្យមានសកម្មភាពជាបន្ទាន់ ដើម្បីការពារក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ា កាត់បន្ថយការខូចខាតទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។ លោកបានអំពាវនាវដល់ក្រុមប្រឹក្សា រួមគ្នាដោះស្រាយស្ថានភាព។វិបត្តិជនភៀសខ្លួន និងវិបត្តិមនុស្សធម៌នៅក្នុងរដ្ឋ រ៉ាឃីន ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ប៉ូលិសមីយ៉ានម៉ាបានឲ្យដឹងថា មានមនុស្ស ១៦នាក់ស្លាប់ ពេលដេលនាវាដឹកជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ចេញពីអំពើហិង្សានៅក្នុង ប្រទេសមីយ៉ានម៉ាបានលិចនៅតំបន់សមុទ្រ ប្រទេសបង់ក្លាដែស។ នៅពេលដែលនាវាលិច មានជនភៀសខ្លួន១០០នាក់ នៅលើនាវា។
លោកអគ្គលេខាធិការអ.ស.ប.បានដាក់សំណើ ៣ ចំណុចសំខាន់ៗ ទៅកាន់រដ្ឋាភិបាលភូមា។ ទីមួយ សុំឲ្យបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់កំពុងមានវិបត្តិរ៉ូហ៊ីងយ៉ា។ ទីពីរ បើកផ្លូវឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ដោយគ្មានការរឹតត្បឹត ទៅកាន់តំបន់មានវិបត្តិ។ ទីបី ធានាឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាអាចវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ពួកគេវិញ ដោយសុវត្ថិភាពនិងដោយគ្មានការបង្ខិតបង្ខំ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃព្រហស្បតិ៍នេះ បណ្តាប្រទេសជាច្រើនបានធ្វើការរិះគន់រដ្ឋាភិបាលភូមាទាក់ទងនឹងអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា ហើយអ្នកដែលបានធ្វើការបរិហាររិះគន់រដ្ឋាភិបាលភូមាខ្លាំងៗជាងគេ គឺសហរដ្ឋអាមេរិក។
លោកស្រី Nikki Haleyឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប បានចោទអាជ្ញាធរភូមាថាបានបើកធ្វើយុទ្ធនាការក្នុងគោលដៅបំបាត់ជនជាតិភាគតិចពីក្នុងទឹកដីរបស់ខ្លួនហើយថាអ្វីដែលកំពុងកើតឡើងទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅពេលនេះគួរតែជាក្តីអាម៉ាស់មួយសម្រាប់ប្រមុខដឹកនាំភូមាដែលបានធ្វើការលះបង់ជាច្រើនដើម្បីនាំប្រទេសភូមាឲ្យទៅជាប្រទេសប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូតអាមេរិកទំនងជាចង់សំដៅទៅលើលោកស្រីអ៊ុងសានស៊ូជី។ លោកស្រី Nikki Haley ក៏បានទាមទារផងដែរឲ្យចាត់វិធានការប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធភូមា ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា។
ក៏ប៉ុន្តែចិននិងរុស្ស៊ីវិញបាននាំគ្នាចេញមុខការពាររដ្ឋាភិបាលភូមាដោយចិនបានលើកឡើងថាសហគមន៍អន្តរជាតិគួរតែមានការយោគយល់ចំពោះបញ្ហាស្មុគស្មាញដែលរដ្ឋាភិបាលភូមាកំពុងជួបប្រទះហើយគួរតែមានភាពអត់ធ្មត់ និងជួយជ្រោមជ្រែង។ ចំណែកឯតំណាងរដ្ឋាភិបាលរុស្ស៊ីវិញបានលើកឡើងថាគេមិនគួរតែមានការប្រយ័ត្នប្រយែង នៅក្នុងការចោទប្រកាន់អ្នកណាម្នាក់ពីបទ “បោសសម្អាតជាតិសាសន៍” ឬ “ប្រល័យពូជសាសន៍”៕ ម៉ែវ សាធី