ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលពេញក្រុងបាវិតដែលលោក ខាត់ សារ៉ាត់ ឲ្យក្មួយដើរទារលុយពេញកន្លែងធ្វើការរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ មន្ត្រីរាជការធ្វើការនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតជាប់ប្រទេសវៀតណាមក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ បាននាំគ្នាបញ្ចេញប្រតិកម្មដោយសរសេរលិខិតប្តឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសុំឲ្យចាត់វិធានការចំពោះសកម្មភាពខុសច្បាប់របស់ប្រធានច្រកទ្វារអន្តរជាតិមួយនេះ ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ សំឡេងប្រជាជនបាវិតបានបង្ហោះលិខិត សរសេរដោយដៃមួយច្បាប់ចុះថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៧បានលើកឡើងថា ពួកគេមិនអាចទទួលយកបាននូវសកម្មភាពដ៏ឆ្គាំ ឆ្គងរបស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ​ បាវិតដែលបានប្រើក្មួយប្រុសបង្កើតឲ្យដើរទាមទារលុយពីមន្ត្រីនគរបាលគ្រប់ផ្នែក កំពុងធ្វើការនៅទីនោះ ។

នៅក្នុងលិខិតនេះបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា «ដោយខ្ញុំបាទ នាងខ្ញុំ ជាមន្ត្រីរាជការបម្រើការនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតទាំងអស់មានការកើតទុក្ខមិនសុខចិត្តចំពោះទង្វើរបស់លោក ខាត់ សារ៉ាត់ ដែលជាប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានបញ្ជាឲ្យក្មួយប្រុសបង្កើត របស់គាត់ឈ្មោះ ប្រាក់ ពេញ ដែលនៅវ័យ ក្មេងទើបតែចូលបម្រើការងារជាមន្ត្រីអន្តោប្រវេសន៍មិនទាន់មានបទពិសោធន៍ឲ្យមកគ្រប់គ្រងលើមន្ត្រីអន្តោប្រវេសន៍ទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតដោយមានអាកប្បកិរិយាក្អេងក្អាងជាទីបំផុត។ ឈ្មោះ ប្រាក់ ពេញ បានដើរទាមទារឯកសារ គ្រប់ផ្នែកមិនថាឡើយផ្នែកបែបបទផ្នែក ច្បាប់ឲ្យតែការងារទាក់ទងនឹងលុយគឺគេ គំរាមយកលុយគ្រប់ផ្នែកទាំងអស់» ។

នៅចុងលិខិតសរសរដោយដៃដែល មានមួយទំព័រនេះបានសំណូមពរដល់សម្តេច តេជោថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលជាឪពុកម្តាយរបស់ប្រជាជនទូទាំងប្រទេសក៏ដូចជាមន្ត្រីរាជការទាំងអស់មេត្តាជួយអន្តរាគមន៍និងដោះស្រាយដល់ពួកយើងដោយក្តីអនុគ្រោះ»។

នៅលើទំព័រហ្វេសប៊ុករបស់គណនី ឈ្មោះសំឡេងប្រជាជនបាវិតនេះក្រៅពី បង្ហោះសារនិងលិខិតសរសេរដោយដៃក៏មានបង្ហោះភ្ជាប់ជាមួយរូបរបស់លោក ប្រាក់ ពេញ ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិពាក់ស័ក្តិ៣ និងអមដោយរូបថត ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ឈរ ត្រៀបត្រានៅមុខកន្លែងធ្វើការរបស់ពួកគេ។

នៅក្នុងគណនីដដែលនេះដែរបានបន្ត បង្ហោះសារមួយទៀតថា «កូនក្មេងមិនទាន់បាត់ហៀរសំបោរម្នាក់នេះត្រូវជាក្មួយប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ ដែរមានតួនាទីជានាយប៉ុស្ដិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិបាវិតដែរឈ្មោះ ប្រាក់ ពេញ ឋានៈអនុសេនីយ៍ឯកបាននិងកំពុងធ្វើព្យុះធ្វើភ្លៀងពេញប៉ុស្ដិ៍ប្រើអំណាចរបស់ពូដើរប្រមូលលុយតាមគោលដៅនៅក្នុង ប៉ុស្ដិ៍ដោយមុខខ្លាញ់បំផុតដោយលោក ខាត់ សារ៉ាត់ បានបញ្ជឲ្យមន្ត្រីរបស់ខ្លួនរក លុយឲ្យខ្លួនតាមការកំណត់គោលដៅ នីមួយៗដោយមានក្មួយឈ្មោះ ប្រាក់ ពេញ នេះជាអ្នកដើរប្រមូលគ្មានញញើតខ្លាចអ្នក ណាឡើយ។ ទង្វើទាំងអស់នេះសូមសម្ដេចតេជោនាយករដ្ឋមន្ត្រីជួយធ្វើអន្តរាគមន៍ដោយក្ដីអនុគ្រោះ។

ពាក់ព័ន្ធករណីនេះដែរភ្នាក់ងារកាសែត នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺពីលោក ខាត់ សារ៉ាត់ បានទេកាលពីថ្ងៃម្សិលមិញ៕ ហេង សូរិយា

 


ចែករំលែក៖