ភ្នំពេញ ៖ ស្ថានការណ៍នយោបាយកម្ពុជាបានឈានមកដល់របត់មួយថ្មីទៀតបន្ទាប់ ពីមេបក្សប្រឆាំងត្រូវបានចាប់ខ្លួនតាមរយៈភស្តុតាងជាសម្តីដែលមេបក្សប្រឆាំងរូបនេះ បាននិយាយអួតជាសាធារណៈអំពីជោគជ័យដំណាក់កាលទី១ក្នុងការអនុវត្តផែនការសម្ងាត់ឃុបឃិតជាមួយសហរដ្ឋអាមេរិកក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជាក្រោមរូបភាព ជាបដិវត្តន៍តាមបែបយូហ្គោស្លាវី។ ប៉ុន្តែ ជ្រកក្រោមទិសស្លោក «ការផ្លាស់ប្តូរជា វិជ្ជមាន» ។
ទន្ទឹមនេះគណបក្សហ្វុ៊នស៊ិនប៉ិចបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើក្បត់ជាតិរបស់មេបក្សសង្គ្រោះជាតិហើយ និងបានប្រកាសថានឹងដាក់ពាក្យប្តឹងទៅ តុលាការកំពូលដើម្បីប្តឹងរំលាយគណបក្សសង្គ្រោះជាតិដោយសារសកម្មភាពក្បត់ ជាតិរបស់មេបក្សសង្គ្រោះជាតិមិនអាច កាត់ផ្តាច់ពីគណបក្ស ។
ប្រធានគណបក្សយុវជនកម្ពុជាក៏បានចេញមុខប្រកាសថានឹងប្តឹងរំលាយគណ បក្សសង្គ្រោះជាតិក្នុងហេតុផលប្រហាក់ ប្រហែលគ្នានឹងគណបក្សហ៊្វុនស៊ិនប៉ិចដែរ។
យោងតាមច្បាប់ស្តីពីគណបក្សនយោ បាយដោយផ្អែកលើហេតុផលនៃផល ប្រយោជន៍នយោបាយ ឬដោយផ្អែកលើហេតុផលជាតិនិយមប្រឆាំងនឹងអំពើក្បត់ជាតិគ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិធ្វើជាដើមបណ្តឹងប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សដែលធ្វើខុស នឹងច្បាប់ស្តីពីគណបក្សនយោបាយបាន។
១-ដំបូងឡើយមានប្រជាជនខ្មែរជា ច្រើន ពិសេសអ្នកគាំទ្រគណបក្សប្រឆាំង មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការចាប់ ខ្លួន និងការចោទប្រកាន់ទៅលើមេបក្ស ប្រឆាំងពីបទក្បត់ជាតិ ហើយប្រសិនបើគ្មាន វីដេអូដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វ ផ្សាយដែលមានទីតាំងនៅអូស្រ្តាលីជា ភស្តុតាងមិនអាចប្រកែកបានហើយបើមេបក្សប្រឆាំងរូបនេះ មិនមែនជាអ្នកនិយាយខ្លួនឯងនៅក្នុងវីដេអូនោះទេប្រហែលគ្រប់គ្នាមិនជឿ ហើយសង្ស័យជាការចាប់ខ្លួនដោយគ្មានភស្តុតាង ឬលាបពណ៌លើមេ បក្សប្រឆាំងទៀតផង។ ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងដោយសម្តីរបស់មេបក្សប្រឆាំងខ្លួនឯងផ្ទាល់ ហើយសកម្មភាពកន្លងមក របស់គណបក្សប្រឆាំងនឹងមេដឹកនាំគណបក្សនេះគឺបានបង្ហាញច្បាស់ថា សម្តីដែលបាននិយាយរៀបរាប់ក្នុងវីដេអូនោះជាការណ៍ ពិតដែលបក្សប្រឆាំងស្ថិតនៅក្រោមការ បង្គាប់បញ្ជារបស់អាមេរិក ហើយផែនការ ដែលបានអនុវត្តដោយគណបក្សប្រឆាំង កន្លងមកជាការអនុវត្តផែនការសម្ងាត់នៃការធ្វើបដិវត្តន៍ក្នុងដំណាក់កាលទី១តាម លំនាំនៃការធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅយូហ្គោស្លាវីក្រោមស្លាក «ការផ្លាស់ប្តូរជាវិជ្ជមាន» ។
ចុងក្រោយនេះគ្រប់គ្នាយល់កាន់តែ ច្បាស់ថា «ការផ្លាស់ប្តូរជាវិជ្ជមាន» ជាសារ នយោបាយរបស់គណបក្សប្រឆាំងដើម្បី បង្កើតជាលេសសម្រាប់ការអនុវត្តផែនការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាប៉ុណ្ណោះ។ ហេតុដូចនេះហើយបានជាគេឃើញអាមេរិកតែងលូកដៃជួយជានិច្ច ទាំងដោយផ្ទាល់ ទាំង ដោយប្រយោលនៅក្នុងសកម្មភាពរបស់ បក្សប្រឆាំងកន្លងមកដូចជាការួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សនឹងគណ បក្ស សម រង្ស៊ី ដែលធ្លាប់ជាបក្សសត្រូវនឹង គ្នា ហើយនៅអំឡុងពេលធ្វើមហាបាតុកម្ម មេដឹកនាំគណបក្សទាំង២តែងចេញចូល ទូតអាមេរិកជាញឹកញាប់ដើម្បីទទួលការណែនាំ និងផែនការសម្រាប់អនុវត្តបន្តការផ្តល់លុយជាច្រើនសន្ធឹកសន្ធាប់ដល់អង្គការមិនមែនរដ្ឋាភិបាលដើម្បីជួយដល់បក្សប្រឆាំងក្រោមលេសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយដល់សកម្មភាពរបស់ ប្រជាជនដើម្បីប្រឆាំងនឹងរដ្ឋអំណាចក្រោមលេសការពារសិទ្ធិមនុស្សជាដើម ។
វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេង សហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេង ប្រជាធិបតេយ្យ(VODដែលបុគ្គលិកមានសញ្ជាតិខ្មែរ ប៉ុន្តែស៊ីប្រាក់ខែអាមេរិកដើរ តួផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈ បំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងដើម្បីបញ្ឆេះ កំហឹងប្រឆាំងរដ្ឋអំណាច ហើយពេលខ្លះ បញ្ឆេះកំហឹងវណ្ណៈសង្គមទៀតផង។ ការប្រមូលផ្តុំមនុស្សដើម្បីធ្វើមហាបាតុកម្ម ក្រោមលេសភាពមិនប្រក្រតីនៃការបោះឆ្នោតការអុកឡុកតាមបណ្តារោងចក្រដើម្បី ឱ្យញុះញង់កម្មករចេញមកចូលរួមមហា បាតុកម្ម ហើយចុងក្រោយឈានទៅដល់ព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេងសុទ្ធតែសកម្មភាពនិងផែនការនៃការធ្វើបដិវត្តន៍ពណ៌ ។
ខ្សែវីដេអូមួយរបស់លោក Chris Kelly ដែលមានចំណងជើងថា “A Cambodian Spring” បានបង្ហាញអំពីការទទួលអារម្មណ៍មួយយ៉ាងពិតប្រាកដនៃការធ្វើបដិវត្តន៍នៅ កម្ពុជា។ សំណុំរឿងរបស់មេបក្សប្រឆាំង និងសកម្មភាពរបស់គណបក្សប្រឆាំងជាសកម្មភាពក្នុងផែនការសម្ងាត់តែមួយឃុបឃិតជាមួយអាមេរិកដើម្បីធ្វើបដិវត្តន៍ផ្តួល រំលំរដ្ឋអំណាចស្របច្បាប់ហើយការបោះឆ្នោតគ្រាន់តែសម្រាប់ប្រើជាលេសដើម្បីប្រមូលផ្តុំសម្រេចគោលដៅនៃការធ្វើបដិ វត្តន៍ប៉ុណ្ណោះ ។
២-ផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយគណបក្សប្រឆាំងដែលស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ឬដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ជាអំពើខុសទៅនឹងមាត្រា៦ថ្មី (ពីរ) និង មាត្រា៧នៃច្បាប់ស្តីពីគណបក្សនយោ បាយ ហើយគណបក្សនេះអាចជាកម្មវត្ថុនៃការរំលាយចោលដោយតុលាការកំពូល ដោយយោងតាមមាត្រា៤៤ថ្មី(ពីរ)នៃច្បាប់ ដដែលនេះ។ ដូចនេះលទ្ធភាពតាមផ្លូវច្បាប់ ដែលគណបក្សប្រឆាំងត្រូវរំលាយចោលគឺមានមូលដ្ឋានផ្លូវច្បាប់រឹងមាំអាចធ្វើទៅបាន ហើយករណីនេះពុំមែនជាករណីដោយ ឡែកសម្រាប់កម្ពុជានោះទេ ប្រទេសជា ច្រើនក្នុងសកលលោកតែងប្រកាន់យក ជំហរដោយរួមទាំងសហរដ្ឋអាមេរិកទៀត ផង។ គណបក្សសង្គ្រោះជាតិជាគណបក្សតែមួយគត់ដែលមានអាសនៈនៅក្នុងរដ្ឋ សភាចំនួន៥៥កៅអី។ ក្នុងករណីដែល គណបក្សនេះត្រូវបានរំលាយ តើអាសនៈ ទាំង៥៥របស់គណបក្សសង្គ្រោះជាតិត្រូវបែងចែងដូចម្តេច? អាចមានសេណារីយោ ចំនួន៣៖
សេណារីយោទី១-យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បច្ចុប្បន្នក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនោះអាសនៈទាំងអស់របស់គណបក្សសង្គ្រោះជាតិនឹងត្រូវបាត់បង់ ហើយអាសនៈទាំងនេះនឹងត្រូវបែងចែកទៅឱ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋ សភា។ ដោយសារបច្ចុប្បន្នមានតែគណ បក្សចំនួន២ដែលមានអាសនៈនៅក្នុងរដ្ឋ សភាដូចនេះនៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនោះអាសនៈទាំងអស់របស់គណបក្សនេះនឹងត្រូវបែងចែកទៅឱ្យគណបក្សប្រជាជនកម្ពុជា មានន័យថា គណបក្សប្រជាជនកម្ពុជានឹងត្រូវទទួលបាន អាសនៈទាំង១២៣នៅរដ្ឋសភាក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ ប៉ុន្តែស្ថានភាពនេះនឹងធ្វើឱ្យរដ្ឋសភាកម្ពុជា ក្លាយជារដ្ឋសភាឯកបក្សដោយពុំមាន គណបក្សប្រឆាំងនៅក្នុងរដ្ឋសភាឡើយ ។
សេណារីយោទី២-ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភារូបមន្តនៃការបែងចែកអាសនៈរបស់គណបក្សដែលត្រូវបាន រំលាយដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគួរត្រូវបានកែសម្រួលដោយបែងចែកទៅឱ្យគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ឆ្នាំ២០១៣។ ក្នុងករណីនេះ និងដោយផ្អែក តាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភាកន្លងទៅរូបមន្តនៃការគណនាអាសនៈបង្ហាញ ថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន ១២០អាសនៈ ហើយគណបក្សហ្វុ៊នស៊ិនប៉ិច នឹងទទួលបានចំនួន៣អាសនៈនិងក្លាយជាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ។
សេណារីយោទី៣-ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា ពិសេសការធានាឱ្យ គណបក្សប្រឆាំងនៅក្នុងរដ្ឋសភាអាចបំពេញតួនាទីដោយមានតុល្យភាពជាមួយនឹង គណបក្សកាន់អំណាចអាសនៈទាំងអស់ របស់គណបក្សប្រឆាំងក្នុងរដ្ឋសភាដែល ត្រូវបានរំលាយគួរបែងចែកទៅឱ្យគណ បក្សផ្សេងទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ដោយ មិនរាប់បញ្ចូលគណបក្សកាន់អំណាច។ ក្នុងករណីនេះនិងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅរូបមន្ត នៃការគណនាអាសនៈបង្ហាញថា អាសនៈ ទាំង៥៥របស់គណបក្សប្រឆាំងនឹងត្រូវ បែងចែកទៅឱ្យគណបក្សចំនួន៥ក្នុងនោះ គណបក្សហ្វុ៊នស៊ិនប៉ិចនឹងទទួលបាន៤១អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន៦អាសនៈ, គណបក្សខ្មែរ ឈប់ក្រទទួលបាន៥អាសនៈ, គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ និង គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន១អាសនៈ ។
៣-គួរកត់សម្គាល់ថា ក្នុងករណីគណ បក្សសង្គ្រោះជាតិត្រូវបានរំលាយនោះ អាសនៈទាំងអស់របស់សមាជិកក្រុមប្រឹក្សា នៃគណបក្សនេះនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងត្រូវបាត់បង់ដូចគ្នាផងដែរ។ ដូចនេះ ក្នុងករណីដែលច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវបានធ្វើ វិសោធនកម្មទៅតាមរូបមន្តណាមួយក្នុង ចំណោមសេណារីយោទាំង៣ខាងលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវធ្វើវិសោធនកម្មផងដែរដើម្បីបែងចែកអាសនៈក្រុម ប្រឹក្សានៃគណបក្សដែលត្រូវបានរំលាយ ទៅឱ្យគណបក្សផ្សេងតាមរូបមន្តដែល ធានាបានសង្គតិភាពជាមួយការបោះឆ្នោតថ្នាក់ជាតិ ។
ក្នុងករណីដែលសេណារីយោទី៣ត្រូវបានជ្រើសរើសយកដូចនេះគណបក្សទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧កន្លង ទៅនឹងត្រូវទទួលបានអាសនៈនៅក្រុម ប្រឹក្សាឃុំ-សង្កាត់ដោយរួមទាំងតំណែង មេឃុំ-ចៅសង្កាត់មួយចំនួនផង។ គណ បក្សដែលទទួលបានអាសនៈបន្តពីគណ បក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ រំលាយនេះអាចចូលរួមប្រកួតប្រជែងដើម្បីទទួលបានអាសនៈនៅព្រឹទ្ធសភាផងដែរ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៨ខាងមុខ ។
សូមជូនពរឱ្យសុខសន្តិភាពនៅបន្តរឹងមាំដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទំាងមូល ហើយការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខប្រព្រឹត្តទៅស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចដែលកម្ពុជាធ្លាប់អនុវត្តកន្លងមកក្រោមដំបូលរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ៕ បក្សីចាំក្រុង