ភ្នំពេញ៖ តារាសម្តែង យុត្ថារ៉ា ឆានី បានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានប្រកាសបើកគម្រោងពុះដីឡូតិ៍លក់ដ៏ធំមួយនាសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ គម្រោងពុះដីឡូតិ៍នេះ មានតម្លៃប្រមាណជាង១លានដុល្លារអាមេរិកឯណោះ។
ថ្ងៃប្រកាសបើកគម្រោងកាលពីដើមខែតុលានេះ គេក៏ឃើញវត្តមានអតីតភរិយាលោក គឺអ្នកនាងចន ច័ន្ទលក្ខិណា ចូលរួម និងប្រគល់កន្ត្រកផ្កាអបអរសាទរផងដែរ រួមទាំងវត្តមានសិល្បករ និងដៃគូរមុខជំនួញចូលរួមដែរ។
គម្រោងពុះដីឡូដែលមានឈ្មោះលោកយុត្ថារ៉ា ឆានី នេះមានទីតាំងផ្ទាល់នាភូមិអំពិលសង្កាត់កំបូលខណ្ឌ ពោធិ៍សែនជ័យ គឺស្ថិតក្នុងតំបន់ដែលតម្លៃដីធ្លីកំពុងហក់ឡើង។
គម្រោងដីឡូតិ៍របស់លោកត្រូវបានកំណត់តម្លៃចាប់ពី៨៥០០ដុល្លារអាមេរិក រហូតដល់តម្លៃជាង២ម៉ឺនដុល្លារអាមេរិក។ ក្នុងថ្ងៃប្រកាសបើកក្រុងពាលីចេញលក់ជាផ្លូវការគេក៏ឃើញវត្តមានតារាសម្តែងចន ច័ន្ទលក្ខិណាដែលជាអតីតភរិយាបានបង្ហាញវត្តមាន និងចូលរួមអបអរសាទរផងដែរ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពី លោក យុត្ថារ៉ា ឆានីបាននៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពជិតដិតបានបញ្ជាក់ថា គម្រោងពុះដីឡូតិ៍ខាងលើគឺលោកយុត្ថារ៉ា ឆានី បានចូលហ៊ុនជាមួយនឹងមិត្តភ័ក្កិមួយចំនួន។ តម្លៃដីសរុបគឺប្រមាណជាង១លានដុល្លារអាមេរិក ហើយនេះ ក៏មិនមែនជាគម្រោងដំបូងសម្រាប់ក្រុមដៃគូសហការរបស់លោកនោះដែរ៕ វឌ្ឍនា