ភ្នំពេញ៖ ដោយសារស្ថានភាពលិចលង់ដោយជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងខណ្ឌ ចំនួន៣ មានខណ្ឌសែនសុខ មានជ័យ និងខណ្ឌពោធិ៍សែនជ័យ និងក្រោយពីពិនិត្យសិក្សាឃើញថា តំបន់ទាំងនេះត្រូវតែដោះស្រាយជាបន្ទាន់ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចថា៖ នឹងសាងសង់ស្ថានីយ៍បូមទឹកមួយកន្លែងទៀត នៅទីតាំងលូប្រាំ សង្កាត់ ស្ទឹងមានជ័យ ផ្លូវវេងស្រេង រួមនឹងការស្តារប្រឡាយ មេជាច្រើនខ្សែទៀតក្នុងតំបន់នេះ ដូចជាប្រឡាយលូប្រាំ ប្រឡាយបារាំង និងប្រឡាយដើមស្លែង ជាដើម។
ការបង្ហាញពីគម្រោងខាងលើនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ខែតុលាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្រ្តីជំនាញពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា ៖ អាជ្ញាធររាជធានីនិងមន្រ្តីជំនាញ ក្រោយពីចុះធ្វើការត្រួតពិនិត្យពីស្ថានភាពប្រឡាយលូប្រាំ ប្រឡាយបារាំង និងប្រឡាយដើមស្លែង បន្ទាប់ពីលិចលង់ដោយជំនន់ទឹកភ្លៀង លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់គ្រឿងចក្រ ដើម្បីស្តារប្រឡាយមេទាំងនេះ ។ ឈរលើបញ្ហានេះ និងដើម្បីជំរុញការងាររំដោះទឹកឲ្យកាន់តែមានប្រសិទ្ធភាព លោកអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរកច្រកចេញ និងបានសម្រេចថា នឹងស្ថាបនាស្ថានីយ៍បូមទឹកមួយកន្លែងទៀត នៅតំបន់លូប្រាំ ។
លោកបានបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាជាកញ្ចប់លើការដោះស្រាយបញ្ហាលិចលង់នេះ ដែលរំពឹងថាក្រោយការជីក ស្តារប្រឡាយ ទាំង៣ខាងលើ និងក្រោយពីសាងសង់ស្ថានីយ៍បូមទឹកនេះរួច រំពឹងថានៅឆ្នាំក្រោយបើស្ថានភាពភ្លៀងដូចឆ្នាំនេះទៀតវានឹងអាចរំដោះជំនន់ទឹកភ្លៀងបានល្អប្រសើរ។ ជាគម្រោងត្រូវស្តារបើកមុខប្រឡាយ ដាក់បណ្តាញលូប្រអប់ថ្មី ដែលមានទំហំចាប់ពី២,៥០ម៉ែត្រ ដល់៦ម៉ែត្រ។
សូមបញ្ជាក់ថា៖ រាជធានីភ្នំពេញ បានកសាងស្ថានីយ៍បូមទឹកជាច្រើនកន្លែងហើយ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ដូចជា ស្ថានីយ៍បូមទឹកបឹង ត្របែក ស្ថានីយ៍បូមទឹកទួលគោក១ ទួលគោក២ ស្ថានីយ៍បូមទឹកទួលសំពៅ និងស្ថានីយ៍បូមទឹកកប់ស្រូវជាដើម៕ សំរិត