ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវថ្នល់និងលំនៅឋានពលរដ្ឋក្រុងសៀមរាបមួយចំនួនលិចលង់

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីភ្លៀងធ្លាក់ពីរថ្ងៃផ្លូវថ្នល់និងលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងសៀមរាប រងការលិចទឹកទៅតាមកន្លែង តាមកំណាត់ផ្លូវជាតិលេខ៦ ផ្លូវ៦០ម៉ែត្រ និងផ្លូវលំជាច្រើនទៀត ព្រមទាំងផ្សារសាមគ្គីក្នុងក្រុងសៀមរាប។

បើតាមការរៀបរាប់របស់ប្រជាពលរដ្នប្រាប់ថា កាលពីមុន មិនដែលមានការលិចលង់បណ្ដាស្រុកជាច្រើនបែបនេះទេ ហើយក៏មិនមានជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកហូរមិនទាន់បែបនេះដែរ។

ជុំវិញករណីនេះ លោកសូរ ប្លាតុង អភិបាលក្រុងសៀមរាប មានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ថា ការលិចផ្លូវទំាងនោះ ដោយសារសំរាមស្ទះលូ បង្ហូរទឹក ប៉ុន្ដែលោកបានដឹកនាំមន្ត្រីមូលដ្ឋានធ្វើការ ពិនិត្យ នឹង បាសំរាម នៅចំណុចកែងផ្លូវជាតិលេខ៦ ទៅផ្លូវ៦០ម៉ែត្រ ស្ថិតក្នងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និង សង្កាត់សាលាកំរើក មានខាងមន្ត្រីមូលដ្ឋានបាននាំគ្នាធ្វើការ សហការណ៍គ្នា ដើម្បីកាយ ដីបើកផ្លូវទឹកហូរ ចូលលូរំដោះទឹកវិញ។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង បានកាយដីបើកមុខទឹកនៅការដ្ឋានឯកជនមួយដែលម្ចាស់ឈ្មោះ ផែ ហុកសេង រស់នៅទីក្រុងភ្នំពេញ បានចាក់ដីលុបប្រឡាយធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ជាមួយគ្នានេះដែរលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រាល់ការចាក់ដីសូមកុំបិទផ្លូវទឹកហូរ និង សូមដាក់លូបង្ហូរទឹក ឲ្យស្របទៅតាមបច្ចេកទេស ឬតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។

ដោយឡែកនៅក្នុងតំបន់ប្រាសាទអង្គរវិញ យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរអប្សរា បានឲ្យដឹងថា ក្នុងគ្រោះធម្មជាតិនេះដែរបានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានអង្គរដួលរលំ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។

តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើមឈើដែលបានរលំដួលដោយភ្លៀងលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ៖ នៅប្រាសាទតាព្រហ្មបាក់ដើមត្រាង១ដើម, ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម ,នៅប្រាសាទភិមានអាកាសបាក់ដើមស្ពង់១ដើម ,ខាងលិចប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម និង ក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និង ដើមក្ងោក១ដើម។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ៕ ប៊ុន រិទ្ធី


ចែករំលែក៖