ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បានប្រកាសអាសន្នឲ្យប្រជាពលរដ្ឋចំនួន២ស្រុកក្រុងជាប់ព្រំដែនកម្ពុជា-ថៃគឺស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត មានការប្រុងប្រយ័ត្នពីទឹកជំនន់ទឹកភ្លៀង គ្រាដែលកំពស់ទឹកភ្លៀងបានកើនឡើងពី៦០មីល្លីម៉ែត្រទៅដល់៨៨.៤ មីល្លីម៉ែត្រ បណ្តាលឲ្យទឹកជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនៅក្នុងស្រុកម៉ាឡៃរាប់រយខ្នង ។
លោកបញ្ជាក់ឲ្យដឹងទៀតថា ទឹកភ្លៀងបានធ្លាក់នៅក្នុងខេត្តបន្ទាយមានជ័យ មានរយៈពេល៣ថ្ងៃយ៉ាងគំហុកធ្វើឲ្យស្រុកម៉ាឡៃបានជន់លិចទឹកភ្លៀងធ្ងន់ធ្ងរ ហើយក្រុងប៉ោយប៉ែត និងប្រឈមការជន់លិចផងនោះដែរ ។ ទន្ទឹមនោះ បើតាមការព្យាការណ៍ឧតុនិយមរបស់ក្រសួងធនធានទឹកឲ្យដឹងថា ទឹកភ្លៀងនូវតែបន្តធ្លាក់ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ហើយស្រុកក្រុង ដែលបន្តប្រឈមរងការជន់លិចទឹកភ្លៀងគឺស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ក្រោយពីទឹកស្រកពីផ្នែកខាងលើស្រុកម៉ាឡៃរួចហើយនោះ ។
ពាក់ព័ន្ធ និងទឹកជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃ បើយោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃឲ្យដឹងថា ទឹកជំន់ទឹកភ្លៀងបានជន់លិចឃុំចំនួន៤ ក្នុងស្រុកម៉ាឡៃ គឺឃុំម៉ាឡៃ ឃុំអូរស្រឡៅ ឃុំអូរសំព័រ និងឃុំទួលពង្រ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋសរុប៣៨៥ខ្នង ។ ទឹកជំនន់នោះមិនបង្កឲ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈនោះឡើយ ។ ប៉ុន្តែគ្រាន់តែមានសេចក្តីរាយាយណ៍ថា មានកុមារតូច២នាក់នៅក្នុងឃុំទួលពង្រ បានរងការចឹកទិចពីសត្វមានពិសសត្វក្អែប ហើយកុមារទាំងនោះភ្លាមៗ ត្រូវបានកម្លាំងនគរបាលចេញទៅជួយអន្តរាគមន៍នាំយកទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា ។
ទឹកជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃកាលពីព្រឹកមិញនេះ ត្រូវគេមើលឃើញថាទឹកហូរយ៉ាងគំហុកជន់លិចពីផ្នែកខាងលើតាមអូរព្រំដែនកម្ពុជា-ថៃពីខេត្តបាត់ដំបងរហូតដល់ខេត្តបន្ទាយមានជ័យ និងទឹកធ្លាក់ហូរពីប្រទេសថៃចូលមកថែមទៀត ។ ដូច្នេះធ្វើឲ្យទឹកជំនន់ទឹកភ្លៀងបានហូរបុកយ៉ាងខ្លាំងចំស្រុកម៉ាឡៃធ្វើឲ្យផ្ទះប្រជាពលរដ្ឋខ្លះបានជន់លិចទាំងស្រុង យកអីវ៉ាន់ និងរបស់របរប្រើប្រាស់គ្រឿងហូបចុកមិនទាន់ផងនោះទៀត ជាហេតុឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះជួបការលំបាក ។
ពិនិត្យឃើញស្ថានភាពទឹកជំនន់អាក្រក់បែបនោះគេសង្កេតឃើញកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទជាពិសេសកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ មកពីអធិការដ្ឋានស្រុកម៉ាឡៃ កម្លាំងការពារព្រំដែនវរៈ៨៩១ និងវរៈ៨១៥ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត ចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងផ្ទាល់សរុប១៥០នាក់ជាបន្ទាន់ដើម្បីចុះជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានដោះស្រាយ និងម្រៀស្រចាពលរដ្ឋជាពិសេសមនុស្សចាស់ និងកុមារ ចេញពីលំនៅឋាន មករកទីទទួលសុវត្ថិភាព ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពួកគាត់កើតឡើងជាយថាហេតុណាមួយ ។ ប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ បានចំណាយពេលជាច្រើនម៉ោង ផងដែរ៕ សំ វិច្ឆិកា