ភ្នំពេញ ៖ ករណីមន្ត្រីនគរបាលអន្តោ ប្រវេសន៍នាំគ្នាប្រតិកម្ម និងបានសរសេរ លិខិតប្តឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រឿងលោក ខាត់ សារ៉ាត់ ប្រើក្មួយបង្កើតឈ្មោះ ប្រាក់ ពេញ ប្រមូលលុយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតនោះ កំពុងស្ថិតក្នុង ចំណាត់ការរបស់ប្រធានច្រកទ្វារអន្តរជាតិ បាវិតនៅឡើយ ខណៈលោក ខៀវ សុភ័គ ថានឹងចាត់ការតាមច្បាប់បើមកដល់ ដៃលោក។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា លោកនៅមិនទាន់បានទទួលព័ត៌មានទាំងនោះឡើយទេ ហើយលោក ក៏មិនទាន់ដឹងថា រឿងនោះវាមានទំហំប៉ុណ្ណា ដែរ ។ លោកនឹងរង់ចាំដោះស្រាយនៅពេលដែលរឿងនេះឡើងមកដល់ដៃលោក ។
ដោយឡែកលោក ម៉ម យ៉យ អនុប្រធានច្រកទ្វារអន្តរជាតិបាវិតបានថ្លែងថា ថ្នាក់ លើកំពុងតែមានចំណាត់ការ និងដោះស្រាយ ក្នុងរឿងនេះ តែលោកមិនទាន់បានដឹងពី ចំណាត់ការយ៉ាងណានោះនៅឡើយ។
លោក ម៉ម យ៉យ បានបញ្ជាក់ដូច្នេះថា រឿងហ្នឹងខ្ញុំបានឃើញ និងដឹងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដែរ។ ថ្នាក់លើកំពុងចាត់ការក្នុងរឿងហ្នឹងហើយ ។
សូមរំឭកថាកាលពីរសៀលថ្ងៃទី១ ខែ តុលានេះ មន្ត្រីរាជការនៅច្រកទ្វារព្រំដែន អន្តរជាតិបាវិត ជាប់ប្រទេសវៀតណាម ក្នុង ក្រុងបាវិត ខេត្តស្វាយរៀង ជាពិសេសមន្ត្រី នគរបាលអន្តោប្រវេសន៍ បាននាំគ្នាបញ្ចេញប្រតិកម្មដោយសរសេរលិខិតប្តឹងដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសុំឲ្យចាត់វិធានការចំពោះសកម្មភាពខុសច្បាប់របស់ប្រធានច្រកទ្វារអន្តរជាតិមួយនេះ។
យោងតាមគណនីហ្វេសប៊ុកមួយ ឈ្មោះ សម្លេងប្រជាជនបាវិតបានបង្ហោះលិខិត សរសេរដោយដៃមួយ ចុះថ្ងៃទី១ ខែតុលា នេះបានលើកឡើងថា ពួកគេមិនអាចទទួលយកបាននូវសកម្មភាពដ៏ឆ្គាំឆ្គងរបស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានប្រើក្មួយប្រុសបង្កើតរបស់ខ្លួនឲ្យដើរទាមទារលុយពីមន្ត្រីនគរបាលគ្រប់ផ្នែកកំពុងធ្វើការនៅទីនោះ។
នៅក្នុងលិខិតនេះបានរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែនថា ដោយខ្ញុំបាទ នាងខ្ញុំ ជាមន្ត្រីរាជការបម្រើការនៅច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ទាំងអស់មានការកើតទុក្ខមិនសុខចិត្តចំពោះទង្វើរបស់លោក ខាត់ សារ៉ាត់ ដែលបានបញ្ជាឲ្យក្មួយប្រុសបង្កើត របស់គាត់ឈ្មោះ ប្រាក់ ពេញ ដែលនៅវ័យ ក្មេង ទើបតែចូលបម្រើការងារជា មន្ត្រីអន្តោប្រវេសន៍មិនទាន់មានបទពិសោធន៍ឲ្យមក គ្រប់គ្រងលើមន្ត្រីអន្តោប្រវេសន៍ទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដោយមានអាកប្បកិរិយាក្អេងក្អាងជាទីបំផុត ។ ដោយ ឈ្មោះ ប្រាក់ ពេញ បានដើរទាមទារឯក សារគ្រប់ផ្នែកមិនថាឡើយផ្នែកបែបបទផ្នែកច្បាមឲ្យតែការងារទាក់ទងនឹងលុយ គឺគេ គំរាមយកលុយគ្រប់ផ្នែកទាំងអស់ ។
នៅចុងលិខិតសរសរដោយដៃ ដែល មានមួយទំព័រនេះបានសំណូមពរដល់ សម្តេចតេជោថា អាស្រ័យហេតុដូចបាន ជម្រាបជូនខាងលើ សូមសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឪពុកម្តាយ របស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាមន្ត្រី រាជការទាំងអស់ មេត្តាជួយអន្តរាគមន៍ និងដោះស្រាយដល់ពួកយើងដោយក្តីអនុ គ្រោះ ។
នៅលើទំព័រហ្វេសប៊ុករបស់គណនី ឈ្មោះសម្លេងប្រជាជនបាវិតនេះ ក្រៅពី បង្ហោះសារ និងលិខិតសរសេរដោយដៃ ក៏មានបង្ហោះភ្ជាប់ជាមួយនូវរូបរបស់លោក ប្រាក់ ពេញ ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ពាក់ស័ក្តិ៣ និងអមដោយរូបថត ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ឈរ ត្រៀបត្រានៅមុខកន្លែងធ្វើការរបស់ ពួកគេ។
នៅក្នុងគណនីដដែលនេះដែរបានបន្ត បង្ហោះសារមួយទៀតថា កូនក្មេងមិនទាន់បាត់ហៀរសំបោរម្នាក់នេះ ត្រូវជាក្មួយប្រុសបង្កើតរបស់លោកឧត្តមសេនីត្រីខាត់ សារ៉ាត់ ដែរមានតួនាទីជានាយប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតដែរ មានឈ្មោះ ប្រាក់ ពេញ ឋានៈអនុសេនីយ៍ឯក បាននិងកុំពុងធ្វើព្យុះធ្វើភ្លៀងពេញប៉ុស្ដិ៍ប្រើឥទ្ធិពលរបស់ពូដើរ ប្រមូលលុយតាមគោលដៅនៅក្នុងប៉ុស្ដិ៍ ដោយលោក ខាត់ សារ៉ាត់ បានបញ្ជាឲ្យ មន្ត្រីរបស់ខ្លួនរកលុយឲ្យខ្លួនបានតាមការកំណត់នៃគោលដៅនីមួយៗដោយមានក្មួយឈ្មោះ ប្រាក់ ពេញ នេះជាអ្នកដើរប្រមូលគ្មានញញើតខ្លាចអ្នកណាឡើយ។ ទង្វើទាំងអស់នេះសូមសម្ដេចនាយករដ្ឋ មន្ត្រីជួយអន្តរាគមន៍ដោយក្ដីអនុគ្រោះ ៕ ហេង នរិន្ទ្រ