ព័ត៌មានទាន់ហេតុការណ៍៖

បង្កហិង្សាដោយចេតនាត្រូវប៉ូលិសឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ប៉ូលិសប៉ុស្តិ៍ទឹកថ្លាចាប់ឃាត់ខ្លួនយុវជនឈាមរាវ២នាក់ដោយចោទពីបទបង្កហិង្សាដោយចេតនា(យកខ្សែក្រវាត់ដេញវាយជនរងគ្រោះតាមផ្លូវសាធារណៈ ព្រោះតែក្រុមខ្លួនខឹងរឿងថា ជនរងគ្រោះជិតម៉ូតូប៉ះម៉ូតូខ្លួនហើយមិនឈប់សុំទោស) បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរូស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនបង្កទី១មានឈ្មោះ ធីម ដេវិត ភេទប្រុស អាយុ២០ឆ្នាំ ជាងដែក ស្នាក់នៅទឹកល្អក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំក្សេមក្សាម ស្រុកឧត្តង ខេត្តកំពង់ស្ពឺ ។ ទី២មានឈ្មោះ ឈើន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំព្រែករំដេង ខេត្តកំពុងស្ពឺ ។

ចំណែកយុវជនរងគ្រោះមានឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមសម្តីពីយុវជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១J៩៣២៣ ដែលទើបតែចេញមកពីផ្ទះនៅម្តុំផ្សារទំនើបរតនៈផ្លាហ្សា បំណងជិះទៅយកមិត្តភក្តិនៅម្តុំវិទ្យាល័យឥន្រ្ទទេវី ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៉ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ខ្លួន(យុវជនរងគ្រោះ)ក៏ឈប់ម៉ូតូដើម្បីទិញបាយ ហើយពេលដែលទិញរួចហើយគេបម្រុងបើកម៉ូតូជិះបន្តដំណើរទៅមុខទៀត ពេលនោះស្រាប់តែលេចមុខយុវជនបង្កទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FU៨៤១០ មកពីក្រោយហើយបានធ្វើសកម្មភាពដោះខ្សែក្រវាត់វាយទៅលើខ្លួន ធ្វើឲ្យភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ទៅឲ្យគេជួយ ភ្លាមនោះក៏មានសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតមកដល់ចំណុចកើតហេតុហើយឃើញហេតុការណ៍រួចក៏អន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជនបង្កទាំងពីរនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

ប៉ូលិសនិយាយថា ក្រុមជនបង្កបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដោះខ្សែក្រវាត់ដេញវាយជនរងគ្រោះពិតមែន ព្រោះតែខ្លួនខឹងជនរងគ្រោះថាជិះម៉ូតូប៉ះម៉ូតូគេហើយមិនសុំទោស។

បច្ចុប្បន្នយុវជនបង្កទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីរង់ចាំការចាត់ការតាមច្បាប់៕ តុង សីហា


ចែករំលែក៖