ព័ត៌មានទាន់ហេតុការណ៍៖

កាមរ៉ាសុវត្ថិភាពថតចោរលួចរថយន្ត២នាក់ តែសមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដែលម្ចាស់ទុកនៅមុខផ្ទះ ត្រូវក្រុមចោរលួចយកទៅបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៨បេ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តឈ្មោះ អឹម ម៉េងឃាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបើកបររថយន្តដឹកភ្ញៀវ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវ៨បេ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិស្តៅ
ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមសំដីម្ចាស់រថយន្តបានប្រាប់ថា កាលពីម៉ោង២៣ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ក្រោយពីត្រឡប់មកពីដឹកភ្ញៀវវិញ គាត់បានយករថយន្តរបស់គាត់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 2Z-5634 ចតទុកមុខផ្ទះហើយ ក៏ចូលសម្រាករហូតដល់ម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា រូបគាត់ក្រោកពីដំណេក គោលបំណងបើករថយន្តដឹកភ្ញៀវចេញទៅខេត្តសៀមរាប ស្រាប់តែបាត់រថយន្តទើបភ្ញាក់ផ្អើលឡើងតែម្តង។
កាមរ៉ាសុវត្ថិភាពបានឃើញជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចរថយន្តខាងលើនៅម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា មុនពេលម្ចាស់ក្រោកពីដំណេកតែបន្តិចប៉ុណ្ណោះ។ ក្រមចោរបាននាំគ្នារុញឡានចេញមកផ្លូវ ទើបញ្ឆេះចេញទៅដោយសុវត្ថិភាព។

ក្រោយកើតហេតុ ម្ចាស់បានត្រឹមកាន់កាតគ្រឺរថយន្តមកកាន់ប៉ុស្តិ៍នគរបាលដើម្បីដាក់ពាក្យបណ្តឹង និងឲ្យសមត្ថកិច្ចមូលដ្ឋានជួយស្រាវជ្រាវតាមរកជនសង្ស័យប៉ុណ្ណោះ៕ តុង សីហា


ចែករំលែក៖