ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី​៥រូប​តំណាង​ក្រសួង​មហាផ្ទៃ​ ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​តុលាការ​កំពូល​ តាម​បណ្តឹង​គណបក្ស​ពីរ​

ចែករំលែក៖

ភ្នំពេញ​៖​ មេធាវី​៥រូប​តំណាង​ក្រសួង​មហាផ្ទៃ​ ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​តុលា​ នេះ​ តាម​បណ្តឹង​របស់​គណបក្ស​នយោបាយ​ចំនួន​ពីរ​ គឺ​គណបក្ស​យុវជន​កម្ពុជា​ និង​ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​ដោយសារ​លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​។

ថ្មីៗនេះ​គណបក្ស​នយោបាយ​ចំនួន​ពីរ​ គឺ​ គណបក្ស​យុវជន​កម្ពុជា​ និង​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ស្នើ​ឱ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ផង​ដែរ​ ដោយ​យោង​តាម​មាត្រា​៦​ មាត្រា​៧​ មាត្រា​៣៨​ និង​ មាត្រា​៤៤នៃ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ។

បណ្តឹង​ជា​បន្តបន្ទាប់​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​ CBN របស់​ប្រទេស​អូស្រ្តាលី​ បញ្ចេញ​សម្តី​របស់​លោក​កឹម​ សុខា​ ថ្លែង​ក្នុង​វេទិកា​ជួបជុំ​មួយ​ ដោយ​សារភាព​ថា​ បាន​ទទួល​បញ្ជា​ និង​ ការណែនាំ​ពី​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាម​ទម្រង់​បដិវត្តន៍​ពណ៌​ ដោយ​យក​គំរូ​តាម​ប្រទេស​យូហ្គោស្លាវី​ និង​ ប្រទេស​ស៊ើប៊ី​ ។

សូម​បញ្ជាក់​ថា​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣​ ខែ​កញ្ញា​ នៅ​ភូមិគ្រឹះ​របស់​លោក​នា​ខណ្ឌ​ទួលគោក​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ដើម្បី​បន្ត​នីតិវិធី​ ។

ក្រោយ​ការ​សាកសួរ​ជា​បន្តបន្ទាប់​ តុលាការ​សម្រេច​ចោទប្រកាន់​លោក​កឹម​ សុខា​ ពាក់ព័ន្ធ​អំពើ​ក្បត់​ជាតិ​ តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ៕ ចេស្តា

 

 


ចែករំលែក៖