ខេត្តពោធិ៍សាត់៖ អស់រយៈពេល៥សប្តាហ៍ កម្លាំងនគរបាលអន្តរាគមន៍ពិសេសចំនួន៥កងឯកភាពបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់វគ្គហ្វឹកហ្វឺន ស្តីពីអន្តរាគមន៍សម្រាប់ត្រៀមប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម ក្នុងពេលមានយថាហេតុកើតឡើង ក្នុងខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ទោ ស្វាយ វាសនា នាយការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ និងជានាយកសាលានៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្រោយពីបានការណែនាំនិងបញ្ជាផ្ទាល់របស់លោកស្នងការ ការិយាល័យបណ្តុះបណ្តាលបានរៀបចំកម្លាំងនគរបាលអន្តរាគមន៍ពិសេសចំនួន៥កងឯកភាព មានកម្លាំងចំនួន១៧៨នាក់ ការហ្វឹកហាត់គឺចាប់ពីថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយមាន៤លំហាត់អន្តរាគមន៍៖ ទី១ ការប្រាស់អាវុធ និងអាវុធ ទី២កាយវិការបុគ្គល របស់កងតម្រួតទប់ស្កាត់បាតុកម្ម ទី៣កងអនុសេនាតូចទប់ស្កាត់បាតុកម្ម ទី៤កងអនុសេនាធំទប់ស្កាត់បាតុកម្ម។
ការហ្វឹកហាត់នេះ ក្នុងគោលបំណងអនុវត្តផែនការយុទ្ធសាស្ត្រនគរបាលជាតិកម្ពុជាឆ្នាំ២០១៥-២០១៩ ឈរលើទស្សនៈវិស័យជនគ្រប់រូប ទទួលបានសេចក្តីសុខក្សេមក្សាន្ត គ្មានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធប្រកបដោយការជឿទុកចិត្តចំពោះនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការមានប្រសាសន៍ថា ឆ្លងតាមការហ្វឹកហាត់រយៈពេល៥សប្តាហ៍ ពិនិត្យជារួម វគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ហើយកម្លាំងទាំងអស់ នឹងត្រៀមលក្ខណៈជាស្រេច ធ្វើអន្តរាគមន៍ដើម្បីទ្រោលសភាពការណ៍ ត្រៀមប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងពេលមានយថាហេតុកើតឡើង និងការពាររាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាបានស្ថេរភាព ក្នុងប្រទេស ស្របទៅតាមការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ហើយនេះជាលើកទី២ដែលកម្លាំងនគរបាលខេត្តពោធិ៍សាត់បានបញ្ចប់វគ្គហ្វឹកហ្វឺន និងបន្តការហ្វឹកហាត់ជារៀងរាល់ឆ្នាំ៕ ប៉ឹម ពិន