ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបង្ក្រាបចាប់រថយន្តយីឌុបដឹកឈើល្មើសច្បាប់ឧកញ៉ា វី ដា បាន២គ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រថយន្តយីឌុបដឹកឈើចំនួន២គ្រឿង ត្រូវបានបង្ក្រាបចាប់ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១១និង៤៥នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុងសែនមនោ រម្យ ក្នុងទីរួមខេត្តមណ្ឌលគិរី ។ បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវស៊ើបដឹងថា រថយន្តយីឌុបទាំង២គ្រឿងនេះដឹក ស្រូវបង្កប់ឈើខាងក្រោម និងលួចបង្កប់ឈើខាងក្រោមសាក់ស៊ីរថយន្ត ។

លោកវរសេនីយ៍ឯក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានប្រាប់នគរវត្តតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ថា កម្លាំងរបស់លោក ពិតជាបានបង្ក្រាបចាប់រថយន្តយីឌុបទាំង២គ្រឿង ខាងលើនេះមែន ។ ក្នុងនោះ១គ្រឿងដឹកស្រូវបង្កប់ឈើខាងក្រោម ដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាល ព្រៃឈើ និង១គ្រឿងទៀតដឹកឈើមានលិខិតស្នាមត្រឹមត្រូវ ប៉ុន្តែលួចបង្កប់ឈើនៅក្រោមសាក់ស៊ីដោយខុស ច្បាប់ ។

បច្ចុប្បន្ន រថយន្តដឹកឈើទាំង២គ្រឿងនេះ សមត្ថកិច្ចបានប្រគល់ទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើខេត្ត ធ្វើការ ពិនិត្យនិងវាស់វែងបន្តតាមនីតិវិធី ។

ដោយឡែកមនុស្ស៤នាក់ ត្រូវបានឃាត់ខ្លួន ជាអ្នកបើកបរ និងព្រូឡាន ដើម្បីធ្វើការសាកសួរ ។
គួររំឭកថា រថយន្តយីឌុបដឹកឈើរបស់ឧកញ៉ា វី ដា បើទោះជាមានលិខិតអនុញ្ញាតិប៉ុន្តែគេទទួលស្គាល់ថា ផ្ទុក លើសទម្ងន់ លើសលិខិតអនុញ្ញាតិ ជាទម្លាប់របស់គាត់យូរមកហើយ ។ ជាក់ស្តែងដូចជាពេលនេះ បើទោះជា រថយន្តយីឌុប១គ្រឿងមានលិខិតស្នាមត្រឹមត្រូវចំនួន១៦ម៉ែត្រគូបនោះពិតប្រាកដមែន ប៉ុន្តែគេធានាថា ផ្ទុកលើស ពី១៦ម៉ែត្រគូប ជាបទល្មើស និងលួចបង្កប់ក្រោមសាក់ស៊ីរថយន្ត ក៏ជាបទល្មើស ។នេះមិនទាន់គិតពីគំនិតទុច្ចរិត របស់ឈ្មួញរូបនេះ ដឹកស្រូវរួចបង្កប់ឈើខាងក្រោម ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបក្នុងបទ ល្មើសជាក់ស្តែងតែម្តង ។

ប្រជាពលរដ្ឋបានលើកឡើងថា ឧកញ៉ា វីដា មិនត្រឹមដឹកជញ្ជូនឈើល្មើសច្បាប់ បំផ្លាញព្រៃឈើ ប្រមូលទិញ និង ដឹកជញ្ជូននាំចេញទៅក្រៅប្រទេសប៉ុណ្ណោះទេ គាត់មានចេតនាបំផ្លាញផ្លូវជាតិដែលជាសម្បត្តិរបស់រដ្ឋ ខណៈដឹក ផ្ទុកលើសទម្ងន់ ។

ដូច្នេះសមត្ថកិច្ចគួរបន្តនីតិវិធី ដើម្បីចាត់វិធានការលើការដឹកជញ្ជូនល្មើសច្បាប់នេះ ស្របតាម គោលនយោបាយរបស់រដ្ឋាភិបាល ពិសេសពិនិត្យទៅលើសកម្មភាពការងារខាងជំនាញ កន្លែងថ្លឹងរថយន្តនោះ ហេតុអ្វីក៏មានការឃុបឃិតដឹកជញ្ជូនផ្ទុកលើសទម្ងន់បែបនេះ? ៕ សុខខេមរា


ចែករំលែក៖