ភ្នំពេញ៖ ឧបាសិកា គួច លីគាវ អគ្គនាយិការ ក្រុមហ៊ុន LDI ENTERPRISE និង លោកឧកញ៉ា ម៉ិល សារឿន លោកស្រី មាស ណារី ព្រមទាំងបុត្រ លោកគួច ណាវ នាយកប្រតិបត្តិ មជ្ឈមណ្ឌលនាឡិកាស្វីសនិង ជប៉ុន ព្រមទាំងក្រុមគ្រួសារ រួមនឹងលោក លោក ស្រី ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តជ័យឧត្តមទាំងអស់ បានមូលមតិគ្នាជាឯកឆន្ទដង្ហែកឋិនទាន មហាសាមគ្គីទៅ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា អស់កាលត្រីមាស ក្នុងវត្ត ជ័យឧត្តម ស្ថិតក្នុង ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ប្រមូលបច្ច័យចានចំនួន ៥៣លាប៧០ម៉ឺនរៀល សម្រាប់បន្តការ កសាង ឧបដ្ឋានសាលា ១ខ្នង នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ ។
ព្រះគ្រូធម្មទេវី អ៊ិត សំអុល ព្រះចៅអធិការវត្ត ជ័យឧត្តម មានសង្ឃដីការថា ឧបដ្ឋានសាលានេះ ចាប់ដំណើការកសាងតាំងពីឆ្នាំ២០១៣ មកម្លេះ មានបណ្ដោយប្រវែង ៤៧ម៉ែត្រ ទទឹង ២៧ម៉ែត្រ និងកំពស់២៧ម៉ែត្រ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណជាង៦០ ម៉ឺនដុល្លាអាមេរិក បច្ចុប្បន្នសមិទ្ធផលនេះ សម្រេចបាន៩៥%ហើយ ប៉ុន្ដែកំពុងជួបប្រទះការខ្វះខាតបច្ច័យមួយចំនួនទៀត ដើម្បីកសាងឲ្យបានរួចរាល់នៅដើម្បីឆ្នាំ២០១៨នេះ ។ តាមរយៈអង្គកឋិនទាននេះ គឺជាកំលាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ប្រមូលបច្ច័យ សង្កត់ត្រៃសរុបបាន ចំនួន៥៣លាន៧០ម៉ឺនរៀល ។
គណៈកម្មការ អាចារ្យ និង ពុទ្ធបរិស័ទចំណុះជើងវត្តជ័យឧត្តម បានសំដែង នូវមនោសញ្ចេតនា រីករាយជ្រះថ្លា និង ថ្លែង អំណរ គុណ ចំពោះម្ចាស់អង្គកឋិនទាំងឡាយ ព្រមទាំងបងប្អូនញាតិមិត្តទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យនេះ ដោយទឹកចិត្តជ្រះថ្លា ក្នុងការបំពេញនូវកុសល ប្រកបដោយ ជំនឿលើមាគ៌ាព្រះពុទ្ធសាសនា។
លោក ឧកញ៉ា ម៉ិល សារឿន មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ អាចនាំគ្នាមកធ្វើបុណ្យ បំពេញកុសល បានដូចថ្ងៃនេះ ដោយសាតែប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ក្នុងនោះវិស័យព្រះពុទ្ធសានា ក៏បានរីកចម្រើន និងបានផ្តលឲ្យបងប្អូនប្រជាពលរដ្ឋយើង អាចចូលរួម កសាងសមិទ្ធផលនានា ជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទុកឲ្យកូនចៅ ជំនន់ក្រោយ បានគោរពប្រតិបត្តិ ។
កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវស្សា សោះ វត្តនោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គ ដែលបានចាំវស្សា អស់រៈពេល ៣ខែ បានត្រឹមត្រូវ ។ទាំងបព្វជិត ទាំងគ្រហស្ថ អាចធ្វើកឋិនទានបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូល វស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះ ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការដង្ហែអង្គកឋិនទានប្រមូលបច្ច័យកសាងឧបដ្ឋានសាលានេះ ឧបាសិកា គួចលីគាវ និង លោក គួច ណាវ បានកសាងក្លោងទា្វរវត្តជ័យឧត្តម ដែលមានរចនាបទព្រហ្មមុខ៤ មានបណ្ដោយ ១៣ ម៉ែត្រកន្លះ ទទឹង៤ម៉ែត្រ និងកំពស់១៦ម៉ែត្រដោយដំណើរការស្ថាបនា បាន៩០%ហើយ ដែលនឹងត្រូវ បញ្ចប់ឲ្យការកសាងបានរួចរាល់នាពេលឆាប់ៗខាងមុខនេះ ៕ នី សោភា