ខេត្តតាកែវ ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកទ្រាំងចុះឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការក្រោយប្រព្រឹត្តបានជាងបីខែកន្លងមក។ ការចុះឃាត់ខ្លួនជនសង្ស័យក្នុងករណីនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង។
តាមការឲ្យដឹងពីសមត្ថកិច្ចប្រាប់ថា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៩ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក នូដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងតាកែវ កម្លាំងជំនាញនៃអធិការនគរបាលស្រុកទ្រាំបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យអ្នកដទៃ (កាប់បំផ្លាញម៉ូតូ)ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើមានឈ្មោះ ណែត យូឡាយ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរសិស្ស ។
បច្ចុប្បន្ន ជនសង្ស័យ ក្នុងសំណុំរឿងនេះ ត្រូវបាន សមត្ថកិច្ចជំនាញស្រុកទ្រាំង បញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ ភ្នំដា