ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារផ្លែម៉ូទ័រកាត់ដែកបាក់ខ្ទាត់ចំបំពង់ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្មករសំណង់ម្នាក់បានយកម៉ូទ័រកាត់ដែកធ្វើចប់ជីក តែអកុសល ផ្លែម៉ូទ័រកាត់ដែកនោះបានបាក់ជាពីរកំណាត់ ខ្ទាត់ចំបំពង់ក ដាច់សរសៃឈាម ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង១០នាទី​ នៅចំណុចផ្សាស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពពត័មានពី​លោក យ៉ងសំ​ អធិការស្រុកស្ទោង បានបញ្ជាក់ប្រាប់តាមទូស័ព្ទថា ក្រោយពីកម្មករទាំងអស់​ឈប់សម្រាកពេលម៉ោងបាយនោះ ស្រាប់តែ ជនរងគ្រោះ បានយកដែកទីប ១ដើម ប្រវែង ជាងមួយម៉ែត្រ មកកាត់ធ្វើ ចបជីក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគ្រួសារ​ ​បន្ទាប់ពីកាត់បានបន្ដិច ក៏បាក់ផ្លែម៉ូទ័រកាត់នោះជា២កំណាត់ ខ្ទាត់មកចំបំពង់កធ្វើឲ្យដាច់សរសៃឈាម​ហូរស្រោចពេញដី​ រហូតដល់បាត់បង់ជីវិត​ដែលពុំអាចជួយសង្រ្គោះទាន់ ដោយសារឈាមហូរលឿនពេក​ ។ ជនរងគ្រោះ ឈ្មោះណាំ គា ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិបទុមកើត ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

សាកសពត្រូវបានប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ ឃុំខាងលើ៕ ប៊ុន រិទ្ធី​

 


ចែករំលែក៖