ខេត្តតាកែវ៖ កងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងកន្ទុយលេខ(ឆ្នោត) មួយកន្លែង ឃាត់ខ្លួនមនុស្ស៥នាក់នៅវេលាម៉ោង១៦និង១០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ការចុះបង្ក្រាបខាងលើដឹកនាំដោយលោកវសេនីយត្រី ចាន់ ជៀប ប្រធានមន្ទីរយុត្តិធម៌(ស្ដីទី) និងដោយមានសម្របសម្រួលនីតិវិធីដោយលោកឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានដឹកនាំចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់កន្ទុយលេខ០១កន្លែង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ដែលទី១ ឈ្មោះវ៉ាត់ គុណ ភេទប្រុសអាយុ ៥១ ឆ្នាំមុខរបរអាជីវករ(មេ) ទី២ ឈ្មោះសុខ ចន្ធី ភេទស្រីអាយុ ៣៨ ឆ្នាំមុខរបរកសិករ ទី៣ ឈ្មោះម៉ោង ស្រីអូន ភេទស្រីអាយុ ៣២ ឆ្នាំមុខរបរ អាជីវករ ទាំង ០៣ នាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ ទី៤ឈ្មោះអឹម ស្រីមុំ ភេទស្រីអាយុ ២៣ ឆ្នាំមុខរបរកសិកររស់នៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំងខេត្តតាកែវ និងទី៥ឈ្មោះឈឹម នឹម ភេទស្រីអាយុ ៣៧ ឆ្នាំមុខរបរលក់ដូររស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំងខេត្តតាកែវ ។
ក្នុងហេតុនោះផងដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ សៀវភៅកត់លេខ២១ក្បាល ប៊ិចចំនួន ០៨ ដើមទឹកលុប ០២ ដើម ម៉ាស៊ីនបូកលេខ ០៣ គ្រឿង កាបូបយួរ០៧ បៀរ ០៣ ហ៊ូ ទូរស័ព្ទ ០៤ គ្រឿង ប្រាក់រៀល២.៤៥១.៩០០រៀល ប្រាក់ដុល្លារ ១៦៥ ដុលារ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់រួមជាមួយវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តតាកែវ៕ ភ្នំដា