ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់តូច ម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ខ្លួន បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រកឃើញថ្នាំញៀន២កញ្ចប់តូច និងដកហូតម៉ូតូ២គ្រឿង កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ខណះពួកគេមកពីទិញថ្នាំញៀន បំណងយកទៅប្រើប្រាស់ នៅចំណុចខាងមុខផ្សារ ព្រែកលៀប ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១៖ ឈ្មោះ ឃី ប៉េងស្រ៊ុន អាយុ២៤ឆ្នាំ មុខរបរជាងក្រឡឹង, ទី២៖ ឈ្មោះ ស្រៀន សារ៉ាត អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ញិន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកម្មករលើកដែក, ទី៤៖ ឈ្មោះ ឡុង បូលីន អាយុ២២ឆ្នាំ មុខរបរសន្តិសុខ, ទី៥៖ ឈ្មោះ ខឿន ថារដ្ឋ អាយុ១៨ឆ្នាំ មុខរបរជាងដែក។

លោកវរសេនីយ៍ត្រី អ៊ុង សឿន បានឲ្យដឹងថា ពេលដែលចុះល្បាត ស្រាប់តែប្រទះឃើញ និងគួរឲ្យសង្ស័យលើពួកគេទាំង៥នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ1FE-2364 និង១គ្រឿងទៀតម៉ាកស្មាក់ ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1CB-4297 ហើយក៏ឈានដល់ធ្វើការឃាត់ត្រួតពិនិត្យ ស្រាប់តែបានរកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យទើបតែមកពីទិញពីអ្នកចែកចាយដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនស្ស័យទាំង៥នាក់ រួមជាមួយភស្តុតាងត្រូវនគរបាលបញ្ជូនខ្លួនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖