ខេត្តស្វាយរៀងះ លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ២០១៧ថា ប្រជាជនដែលរងគ្រោះដោយសារប៉ះពាល់វត្ថុសង្ស័យថា ជាគ្រាប់គីមី(CS)ក្នុងចំការដំឡូង ក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ចំងាយប្រហែល២០០០ម៉ែត្រពីវត្តគគីរ ដែលជាទីតាំងកំពុងប្រតិបត្តិការដោះគ្រាប់បែកគីមី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ក្នុងចំណោម៨នាក់ មាន៣នាក់មានបញ្ហាសុខភាពឡើងវិញ ។
ប្រភពបន្តថា ជនរងគ្រោះ៣នាក់ដែលមានបញ្ហាដូចជាតឹងទ្រូង ថប់ដង្ហើម ស្ងួតបំពង់ក និងក្តៅឆួលរាងកាយ នាំមកសង្រ្គោះ និងតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកម្តងទៀត។ ដូច្នេះបងប្អូនដែលរស់នៅម្តុំឃុំគគីរ បើបានឃើញវត្ថុសង្ស័យ សូមកុំប៉ះពាល់ និងត្រូវរាយការណ៍មកជំនាញជាបន្ទាន់។
គួររំលឹកឡើងវិញថា មន្ត្រីជំនាញ បានចុះទៅកន្លែងមានគ្រាប់បែកគីមី សាយភាយនៅក្នុងចំការដំលូងមី ដែលមានចំងាយពីកន្លែងប្រតិបត្តិការរុករក ដោះគ្រាប់គីមីនៅវត្តគគីរ ប្រមាណ២០០០ម៉ែត្រ ដើម្បីយកមកវិភាគឲ្យបានត្រឹមត្រូវ ថាតើបណ្តាលមកពីមូលហេតុអ្វី ពិតប្រាកដ បានជាមានមនុស្សរងគ្រោះច្រើនយ៉ាងនេះ។
ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដោយសារជាតិគីមី រួមមាន ៖ ១ពូជ សាវិល ភេទស្រី អាយុ៥៣ឆ្នាំ ,២ សូ សារ៉ន ភេទប្រុស អាយុ២៩ឆ្នាំ, ៣ សូ សំអូន ភេទប្រុស អាយុ១៤ឆ្នាំ, ៤ ឈ្មោះ ម៉ិញ ធឿន ភេទប្រុស អាយុ១៦ឆ្នាំ, ៥ អ៊ិន សាបុល ភេទប្រុស អាយុ៦ឆ្នាំ, ៦ ឈ្មោះអ៊ំ មករា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស,៧ ឈ្មោះមាស នាង ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ និង៨ ឈ្មោះ ដុម ឃុត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ដោយអ្នកទាំង៨នាក់ មានទីលំនៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសម្ដីជនរងគ្រោះឈ្មោះសូ សារ៉នបានឲ្យដឹងថា មុនកើតហេតុ គាត់និងអ្នកភូមិរងគ្រោះទាំងអស់នេះបានដើរឃ្វាលគោ ក្នុងចំការដំឡូង បានប្រទះឃើញដែក ហើយកកាយជម្រៅប្រមាណ ១៥សង្ទីម៉ែត្រ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅឆ្ងាយពីគ្រាប់បែកគីមី ចំងាយជិត២គីឡូម៉ែត្រ ។
ប្រភពបន្តថា ក្រោយពីបានបានប៉ះពាល់ដែកនោះហើយ គាត់ក៏បានយកដៃមកជូតមុខស្រាប់តែមានអការះក្ដៅក្រហល់ក្រហាយដូចហូបផ្លែម្ទេស និងណែនបំពង់កដោយនិយាយមិនចង់ចេញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ខណៈអ្នកភូមិដែលនៅក្បែរគ្នាក៏មានអគារដូចគាត់ផងដែរ៕ យឹម សុថាន