ព័ត៌មានទាន់ហេតុការណ៍៖

ភូមិ៤នៅសង្កាត់២ ក្រុងប៉ោយប៉ែតប្រឈមនឹងការលេចលង់ដោយសារទឹកជន់ពីប្រទេសថៃ

ចែករំលែក៖

ប៉ោយប៉ែត៖ បន្ទប់ពីស្រុកម៉ាឡៃរងនូវការជន់លិចទឹកនោះ ទឹកជំនន់ក៏បានបន្តមកជន់លិចក្នុងភូមិមួយចំនួនទៀតនៅក្នុងក្រុងប៉ោយប៉ែត ធ្វើឲ្យ អាជ្ញាធរ និងសមត្ថកិច្ចត្រៀមជួយប្រជាពលរដ្ឋ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ គេឃើញមានមានភ្លៀងធ្លាក់មួយមេបន្ថែមធ្វើឲ្យទឹកកាន់តែមានការកើនឡើង គេឃើញអាជ្ញាធរ និងសមត្ថកិច្ចមកត្រួតពិនិត្យ សួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិ អូរជ្រៅ ភូមិក្បាលកោះ ភូមិ ប៉ោយប៉ែត និងភូមិគីឡូម៉ែត្រលេខ៤ ដែលនៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋនៅភូមិក្បាលកោះបានឲ្យដឹងថា ទឹកដែលកំពុងឡើងជាបណ្តើរៗនេះ គឺទឹកដែលហូរមកពីប្រទេសថៃ ដោយថៃបានបើកទំនប់នៅក្នុងខេត្តសាកែវ ប្រទេសថៃ។

លោកបានបន្តថា កាលពីឆ្នាំ២០១៣ ទឹកលិចក្នុងភូមិក្បាលកោះមានសភាពធ្ងន់ជាងគេ គឺផ្លូវដែលចូលក្នុងភូមិលិចត្រឹមទ្រូង តែខានលិចច្រើនឆ្នាំមកហើយ ទើបតែឆ្នាំ២០១៧ នេះឃើញថា មានលិចទៀត តែទឹកជន់លិចមិនគំហុកដូចឆ្នាំ២០១៣ទេ គឺលិចសន្សឹមៗ ដោយខាងភាគីថៃគេបើកទំនប់តិចៗ មិនបានបើកមុខទឹកធំដូចមុនទេ។

លោក សែម វីរះមេភូមិក្បាលកោះ ដែលជាភូមិរងគ្រោះធ្ងន់ជាងគេបានឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែតុលាថា ក្នុងភូមិរបស់គាត់ មានផ្ទះពលរដ្ឋលិចទឹក៦៤គ្រួសារ និងលិចផ្លូវចូលភូមិប្រហែល៥ម៉ែត្រហើយ។

លោកបានបញ្ជាក់ថា កម្លាំងទឹកកំពុងឡើងសន្សឹមៗ ហើយលោកក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យត្រៀមខ្លួន និងឲ្យឪពុកម្តាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ។

លោកអនុសេនីយ៍ទោ សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៃវរៈការពារព្រំដែនគោកលេខ៨៩១ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៨ ខែតុលា លោកបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យជាក់ស្តែងនៅភូមិមួយចំនួន ដែលនៅតាមបន្ទាត់ព្រំដែនឃើញថា ទឹកកំពុងឡើង តែមិនបណ្តាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងមិនបណ្តាលឲ្យពលរដ្ឋណាបាត់បងជីវិតនោះឡើយ៕ វណ្ណា


ចែករំលែក៖