ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសមធ្យមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ឡាន៣គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសមធ្យមក្នុងករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ត០៣គ្រឿងបុកគ្នា នៅវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០២-២០៣ ស្ថិតនៅក្នុងភូមិអូរឧកញ៉្ញាហេង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើង រវាង រថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ 01គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-1651 មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានជែង រថយន្ត 01គ្រឿងម៉ាក មីស៊ុយមីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AO-3143 ជិះគ្នាចំនួន 02នាក់ ដែលមានទិសដៅស្របគ្នា ពេលដល់ផ្លូវកោងមានស្ពាន ក៏មាន រថយន្តដឹកកុងតឺន័រ 01គ្រឿងទៀតម៉ាក HINO ពណ៌សពាក់ស្លាកលេខ ភ្នំពេញ3C-6132 ដែលមានទិសដៅបញ្រ្ចាសគ្នា ឃើញមានឧបសគ្គមកពីខាងមុខ រថយន្តដឹកដីខ្សាច់ ក៏គេចប៉ះនឹងរថយន្តដឹកកុងតឺន័រ រួចជ្រុលកៀរអូសរថយន្ត មីស៊ុយមីស៊ី ប្រហែលជា 30ម៉ែត្រ បណ្ដាលឲ្យក្រឡាប់តែម្ដង ។

ប្រភពដដែលបន្តទៀតថាគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ (អ្នកបើកបររថយន្ត មីស៊ុយមីស៊ី) ឈ្មោះ ឃូ ស៊ីមន ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងអ្នករួមដំណើររងរបួសមធ្យមឈ្មោះ អាត សីឡា ភេទ ប្រុសអាយុ ២៦ឆ្នាំ មុខរបរ និស្សិត មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាធានីភ្នំពេញត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមិត្តភាព888ក្រុងព្រះសីហនុ។ ចំណែកអ្នកបើកបររថយន្តធុនធំទាំងពីរ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នរថយន្តទាំង០៣គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖