ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋឲ្យដឹងថា បច្ចុប្បន្ននេះ បទល្មើសនេសាទដោយប្រើប្រាស់ស្បៃមុងក្រឡាញឹក ត្រូវបានក្រុមជនល្មើសដាក់ ពង្រាយពាសពេញផ្ទៃទឹក នៃទំនប់រលំពោធិ៍ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដោយពុំមានការបង្ក្រាប នោះឡើយ ។
ប្រជាពលរដ្ឋដែលជាអ្នកនេសាទ លក្ខណៈគ្រួសារបានលើកឡើងថា សព្វ ថ្ងៃនេះពួកគាត់បានទៅបង់សំណាញ់ ដើម្បីយកត្រីមកស្លសម្រាប់ហូបតែក្នុងគ្រួសារ សឹងតែមិនគ្រប់គ្រាន់ផង ព្រោះតែឧបករណ៍បទល្មើសនេសាទមានពាសពេញផ្ទៃបឹងតែម្ដង ហើយក្នុងឧបករណ៍នីមួយៗមាន រាប់សិបម៉ែត្រ ក្នុងនោះមានទាំងដាយរាប់ រយកន្លែង ដោយគេពុំឃើញមានសមត្ថកិច្ច ជំនាញណាចុះបង្ក្រាបនោះទេ គឺឃើញ ត្រឹមតែបុរសម្នាក់ឈ្មោះ ទិត្យ ដើរប្រមូលលុយពីអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនោះ ។
លោក ឡោ ចាន់លី អភិបាលស្រុកព្រៃ ឈរបានបញ្ជាក់ថា ចំពោះការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់នេះ គឺលោក គ្មានសិទ្ធិចាប់ចងទេ ព្រោះលោកមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ទោះជាយ៉ាង ណា លោកស្នើសុំទៅខាងស្ថាប័នជំនាញ ដើម្បីឲ្យចុះត្រួតពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ចាមបានថ្លែងថា ការប្រើប្រាស់ឧបករណ៍នេសាទស្បៃមុងក្រឡាញឹកនេះ គឺវាខុសច្បាប់ធ្ងន់ធ្ងរណាស់ តែត្រង់ចំណុចដែលមានការប្រើប្រាស់ ឧបករណ៍ខុសច្បាប់យ៉ាងសន្ធឹកនេះ គឺ លោកមិនបានដឹងទេ ដូច្នេះសូមឲ្យអ្នកសារព័ត៌មានជួយសហការផ្តល់ព័ត៌មានផង ដើម្បីលោកបានរៀបចំកម្លាំងជំនាញចុះ បង្ក្រាប ដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ ឡើយ ៕ ហេង នរិន្ទ្រ