ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវម្ចាស់ម៉ូតូ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដេញតាមព័ទ្ធចាប់ខ្លួន ខណៈដែលជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួននោះរួចមក។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាពោធិ៍សាត់ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ យឹម អៀក ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក វ៉េវ អ៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-8896 ដែលម្ចាស់គេដាក់នៅមុខផ្ទះ។
ស្ត្រីឈ្មោះ សា សុខខេង អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្ថិតនៅភូមិពាលញែក១ សង្កាត់ពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដែលជាម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូមួយគ្រឿងនេះនៅខាងមុខផ្ទះ ហើយត្រូវបានចោរធ្វើសកម្មភាពលួច ។ ភ្លាមៗនោះ គាត់បានក្រឡេកឃើញទាន់ ក៏ស្រែក និងដេញចាប់ប្រផាប់ចាប់ប្រភីង និងមានការចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃផងដែរ និងបានចាប់ជនសង្ស័យនៅចំណុចកីឡដ្ឋានខេត្តពោធិ៍សាត់ ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយដកហូតបានម៉ូតូ និងកូនសោ២គ្រាប់ផងដែរ។
ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ប៉ឹម ពិន