ព័ត៌មានទាន់ហេតុការណ៍៖

បន្ទប់ខារ៉ាអូខេសៀងហៃត្រូវអគ្គីភ័យឆេះទាំងព្រឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់បន្ទប់ច្រៀងខារ៉ាអូរខេលំដាប់VIPលេខ៩៩ យីហោសៀងហៃ ខារ៉ាអូរខេ ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលតោ២ ស្ថិតក្នុងក្រុម១២ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ ត្រូវបានអគ្គីភ័យឆេះទាំងស្រុងអស់មួយបន្ទប់ទាំងព្រឹក ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់រងរបួស ឬបាត់បង់ដល់អាយុជីវិតមនុស្សទេ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ ៤ក្រុង-ខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០៧។ ជនរងគ្រោះជាម្ចាស់ហាងខារ៉ាអូខេមានឈ្មោះ សាត ប៊ុនហួរ ភេទប្រុស អាយុ៦២ឆ្នាំ ជាអនិកជនខ្មែរ មានទីលំនៅក្នុងបុរីហៀលតុនក្រុង-ខេត្តព្រះសីហនុ។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើផ្តើមចេញដោយសារការឆ្លងចរន្តអគ្គីសនី បន្ទាប់ពីឮសម្លេងផ្ទុះខ្លាំងហើយក៏មានអណ្តាតភ្លើងឆេះឡើងសន្ធោរសន្ធៅចេញពីក្នុងបន្ទប់(V.IPលេខ៩៩) ប៉ែកខាងក្នុងនៃអគារហាងសៀងហៃខារ៉ាអូរខេខាងលើនេះតែម្តង។

នៅក្នុងហេតុការណ៍ខាងលើ ក៏មានការភ្ញាក់ផ្អើលឡើងទាំងព្រឹក ហើយគេសង្កេតឃើញមានរថយន្តបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល និងរថយន្តទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍ក្នុងការបាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រងហេតុការណ៍ខាងលើបាន មិនបណ្តាលឲ្យឆ្លងរាលដាលដល់អគារទាំងមូលបានឡើយ ដោយគ្រាន់តែឆេះរងការខូចខាតទាំងស្រុងអស់មួយបន្ទប់តែប៉ុណ្ណោះ។

នៅក្នុងហេតុការណ៍ខាងលើ ក៏មានវត្តមានលោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍ដឹកនាំបញ្ជានៅកន្លែងកើតហេតុរហូតទប់ស្កាត់មិនឆេះរាលដាលបន្តទៅមុខទៀតបានឡើយ។

ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់តាមដងវិថីខាងមុខសៀងហៃខារ៉ាអូរខេខាងលើ បានរិះគន់ត្រង់ៗទៅលើមន្ត្រីនគរបាលការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរក្រុងព្រះសីហនុថា កន្លងមក ហាក់បីដូចជាមើលរំលងបណ្តែតបណ្តោយឲ្យម្ចាស់សៀងហៃខារ៉ាអូរខេយកវិថីខាងមុខហាងខាងលើ ធ្វើជាចំណតម៉ូតូ និងរថយន្តភ្ញៀវ បង្កឲ្យមានការកកស្ទះចរាចរដល់អ្នកធ្វើដំណើរឆ្លងកាត់ ហើយមានពេលខ្លះបង្កឲ្យមានករណីគ្រោះថ្នាក់ថែមទៀតផង។

ជុំវិញបញ្ហារលើកឡើងខាងលើនេះភ្នាក់ងារព័ត៌មានមិនអាចស្វែងរកការបកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានទេ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧៕ ឆ្លាម សមុទ្រ


ចែករំលែក៖