ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីបុរសជាជនជាតិបរទេសម្នាក់ បានផឹកស៊ីស្រវឹងការពីយប់ ហើយព្រឹកឡើងបានមករករឿងប្រពន្ធ និងយកកែវស្រាមកវាយខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្សារ សូរិយាម៉រ តាមបណ្តោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមសម្តីប្រពន្ធបុរសបង្កហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ប្តីរបស់គាត់បានទៅហូបស្រានៅទល់មុខហាងរបស់គាត់ រហូតដល់យប់ជ្រៅបន្តិច ស្រាប់តែត្រូវមិត្តភ័ក្ត្រហៅទៅជក់ថ្នាំអ្វីយ៉ាងរហូតទល់ភ្លឺបានត្រឡប់មកផ្ទះវិញ។
លុះព្រឹកឡើងវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ប្តីរបស់គាត់បានត្រឡប់មកផ្ទះវិញ ហើយបានរករឿងរូបគាត់ និងយកកែវស្រាយកវាយខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ដៃខាងស្តាំ និងឈានហូរស្រោចពេញខ្លួន។
ក្រោយពីកើតហេតុ ស្ត្រីដែលជាប្រពន្ធបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយជួយចុះមកអន្តរាគមន៍ និងហៅររថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យ ខណៈពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់កន្លែង ស្រាប់តែបុរសជាជនជាតិបរទេសនោះមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះឡើយ។
បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចចាប់យកទៅមន្ទីរពេទ្យ និងបញ្ជូនខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ស តារា