ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឯកជន ខណៈកំពុងជិះម៉ូតូឌុបគ្នាជ្រុលទៅ បុកជាមួយរថយន្តធុនធំពេញទំហឹង។
ហេតុការណ៍គ្រោថ្នាក់ដ៏រន្ធត់នេះបានកើតមានឡើងកាលពីវេលាម៉ោង១៦ និង១៥ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែង លើផ្លូវជាតិលេខ៥កែងផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZUZUKI NEX ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G- 4596ជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ៥ ពេលមកដល់ចំណុចកើតហេតុ មានរថយន្តធុនធំមួយគ្រឿងម៉ាក HYUNDAI ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3D-4607 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវជាតិលេខ៥រួចបត់ឆ្វេងទៅតាមផ្លូវលេខ១៥១ទៅលិចដោយបត់លឿនមិនមានការប្រុងប្រយ័ត្ននិងរំលោភទៅចំណែកផ្លូវម៉ូតូបណ្តាលឲ្យបុកគ្នាធ្វើយឲ្យរបួសធ្ងន់អ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយផ្លោងទៅបុកផ្ទប់និងរថយន្តស្លាប់នៅកន្លែងតែម្តង។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបង្កហេតុរួចអ្នកបើករថយន្ត និងអ្នករួមដំណើរបានបើកទ្វាររងយន្តរត់បាត់សនរមោលតែម្តង ដោយបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។
តាមលោកស៊ិន សុវណ្ណប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីរថយន្តបើកលឿនមិនមានការប្រុងប្រយ័ត្ន មិនទទួលការខុសត្រូវក្នុងការបើកបរ ទើបបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះកើតឡើងបាន លោកស៊ិន សុវណ្ណបន្តថាជនរងគ្រោះដល់ជីវិតនិងអ្នករងរបួសមិនត្រូវស្គាល់អយ្តសញ្ញាណនៅឡើយទេ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងអូសយករថយន្តដាក់ក្បែរចិញ្ចើមផ្លូវបញ្ចៀសការកកស្ទះចរាចរណ៍ហើយប្រគល់រថយន្តនិងម៉ូតូទៅឲ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕ ព្រែកជ័យ