ភ្នំពេញ ៖ រថយន្តកាមរីបាឡែន១គ្រឿង ដឹកឈើប្រណីតប្រភេទធ្នង់ បើកក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកនឹងរថយន្តឡិចស៊ីស LX470 ពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតទាំងសងខាង ហើយអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយទុកឡាននៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-២៥១៧ ជារថយន្តច្នៃដោះកៅអីខាងក្រោយចេញដឹកឈើប្រណីត ប្រភេទធ្នង់ពេញរថយន្ត ហើយបិទកញ្ចក់ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ។
លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំទៅផ្លូវសម្តេចជា ស៊ីម ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស LX470 ពណ៌ស អត់ចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងក្នុងល្បឿនលឿន រួចក៏បានបត់ឆ្វេងទៅផ្លូវ ឲសម្តេច ជា ស៊ីម ទៅបុករថយន្តខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតយ៉ាងដំណំ ហើយបើករត់បាត់ស្រមោល។
ចំណែកឯរថយន្តកាមរីបាឡែនវិញ ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដែរ ភ្លាមៗនោះអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ហឿន វឿន អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ និងចរាចរខណ្ឌសែនសុខបានប្រាប់តាមទូរស័ព្ទថា៖ លោកមិនទាន់បានទទួលព័ត៌មាននេះទេ ព្រោះគាត់កំពុងជាប់រវល់ការពារក្បួនថ្នាក់ដឹកនាំ។
ដោយឡែកលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខវិញ បានមានប្រសាសន៍ថា៖ រថយន្តកាមរីបាឡែន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយមានដឹកឈើប្រណីតប្រភេទធ្នង់នោះ គឺលោកបានឲ្យជំនាញផ្នែកចរាចរណ៍ខណ្ឌសែនសុខស្ទូចយកទៅរក្សាទុកបណ្តោះអាសន្នសិន ដើម្បីទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើយកទៅរក្សាទុក ៕ តុង សីហា