ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចម្រុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទឃាត់មនុស្ស៨នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន សហការជាមួយនគរបាលប៉ុស្តិ៍កាកាបបានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៨ និង​៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​ ​​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​៨​នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ការ​ឃាត់ខ្លួន​មនុស្សទាំង​៨​នាក់​នោះ មាន​២​នាក់​គឺជា​ម្ចាស់​ទីតាំង​ហាង​ម៉ាស្សា​កោស​ជប់​ខាងលើ និង​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ អាត់ សល់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ មោង គឹ​ម​លាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​។

ដោយឡែក​ស្ត្រី​ចំនួន​៦​នាក់​ទៀត​គឺជា​អ្នកបម្រើ​សេវា​ម៉ាស្សា​កោស​ជប់ និង​បម្រើ​ផ្លូវភេទ​ផង​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​៤០​ឆ្នាំ ក្រៅពី​នេះ​ក៏​មានការ​ដកហូត​សៀវភៅ​កត់ត្រា​ចំនួន​ភ្ញៀវ និង​ថ្ងៃ​ធ្វើការ​របស់​ពួក​នាង​ៗ​ទាំងនោះ​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ​។

សមត្ថកិច្ចបានបន្តថា មុននឹងឃាត់ខ្លួនកម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ការជួញដូរមនុស្ស និងអនីតិជន បាន​​ស្រាវជ្រាវ​យូរ​មក​ហើយ​បន្ទាប់​ពី​មានការ​សង្ស័យ ទៅ​លើ​ទីតាំង​មួយ​នេះ​ថា មានការ​បើកហាង​កោស​ជប់ និង​ម៉ាស្សា ប៉ុន្តែ​មានការ​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ និង​សង្ស័យ​ថា​អាច​មានការ​ជួញដូរ​មនុស្ស​ទៀត​ផង​។
រហូតមកដល់វេលាកើតហេតុ ទើបកម្លាំង​ខាងលើ​ដោយ​មានការ​សហ​ការជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដឹកនាំ​ដោយ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​​បង្ក្រាប​ជាក់ស្ដែង​ទាំង​យប់​បែប​នេះ​តែ​ម្ដង និង​ចាប់ខ្លួន​មនុស្ស​ទាំង​៨​នាក់​នោះ​នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ សុខាសែនជ័យ


ចែករំលែក៖