ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារយកម៉ូតូកង់បីដឹកសំរាមរបស់រដ្ឋបាលខណ្ឌ ចេញប្រមូលសំរាមដែលចេញដាក់ខុសម៉ោងកំណត់ ដែលភ្នាក់ងារស៊ីនទ្រីបានប្រមូលរួច ហើយប្រជាពលរដ្ឋយកមកដាក់ក្រោយម៉ោងប្រមូល នៅក្នុងមូលដ្ឋានខណ្ឌ ។
ជារៀងរាល់ថ្ងៃ គឺត្រឹមម៉ោង ០៦,០០នាទីព្រឹកយ៉ាងយូរ ក្រុមការងារ និងភ្នាក់ងារប្រមូលសំរាមបានធ្វើការប្រមូលអស់ពីដេប៉ូតូច-ធំ ទាំងស្រុង ហើយក្នុងមួយថ្ងៃប្រមូលបានប្រមាណជាង ២៨០តោន។ ប៉ុន្ដែក៏នៅមានបញ្ហាមួយចំនួនបានកើតឡើង ជាក់ស្ដែងនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្ដយកសំរាមមកដាក់នៅតាមដេប៉ូ ក្រោយពេលប្រមូលរួចរាល់ ដែលជាហេតុធ្វើឲ្យមានសំរាមកកស្ទះដដែល ។
ដើម្បីចូលរួមលុបបំបាត់ករណីខាងលើកើតឡើង រដ្ឋបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សហការដោយយកសំរាមចេញពីលំនៅដ្ឋានដាក់នៅដេប៉ូសំរាមឲ្យបានត្រឹមត្រូវតាមម៉ោងពេលដែលបានកំណត់ជូន ហើយកាយវិការនេះពិតប្រាកដជាអាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និង សោភ័ណ្ឌភាពល្អប្រសើរក្នុងរាជធានីភ្នំពេញរបស់យើងទាំងអស់គ្នា ៕ ស ដារា