ខេត្តព្រះសីហនុ៖ សំណង់ស្ថានីយ ប្រេងឥន្ធនៈមួយកន្លែងដែលគ្មានច្បាប់ ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃ នប់ ហើយត្រូវបានមន្ត្រីឧឡានជាតិរាម អះអាងថា សាងសង់លើក្នុងតំបន់ការពារ ត្រូវបានគណៈកម្មការចម្រុះរបស់អាជ្ញាធរស្រុកព្រៃនប់ចុះហាមឃាត់មិនឲ្យសាង សង់បន្តកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ។
លោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុក ព្រៃនប់ ខេត្តព្រះសីហនុបានបញ្ជាក់ថា សំណង់ស្ថានីយប្រេងខាងលើមានម្ចាស់ឈ្មោះ អ៊ន ប៉ាង ប្រពន្ធឈ្មោះ សាយ វិន មិនត្រូវបានអនុញ្ញាតឲ្យសាងសង់បន្តទៀតទេដោយសារតែសំណង់មួយនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ លុះត្រាតែមាន ច្បាប់គ្រប់គ្រាន់សិន ។
លោក សោម ហូត អនុប្រធានការិយា ល័យភូមិបាលស្រុកព្រៃនប់បានបញ្ជាក់ថា លិខិតដែលម្ចាស់សំណង់ខាងលើយកមកអះអាងថាជាច្បាប់អនុញ្ញាតនោះមិនទាន់ ពេញលក្ខណៈទេ ពីព្រោះលិខិតនោះគ្រាន់ តែជាលិខិតសុំច្បាប់របស់ម្ចាស់សំណង់តែប៉ុណ្ណោះមិនអាចមានប្រសិទ្ធភាពយកមកប្រើប្រាស់ក្នុងការសាងសង់បាននោះ ឡើយ។ ម្ចាស់សំណង់អាចសង់បានលុះ ត្រាមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលចេញដោយមន្ត្រីជំនាញពាក់ព័ន្ធហើយមន្ត្រីជំនាញ គេចុះមកពិនិត្យជាក់ស្តែងទៀតផង។ អ្វី ដែលគួរកត់សម្គាល់ផងដែរនោះដីតំបន់នេះនៅមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេ ដូចនេះម្ចាស់សំណង់ចង់សុំច្បាប់សាងសង់បានលុះត្រាធ្វើប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ឲ្យហើយរូចរាល់សិនទើបអាចសុំច្បាប់អនុញ្ញាតសាងសង់អ្វីមួយបាន ។
លោក ប៉ាន ឌត ជាមន្ត្រីឧឡាជាតិរាម ដែលបានចុះទៅពិនិត្យផងដែរនោះបាន បញ្ជាក់ថា ដីទីតាំងកំពុងសាងសង់ស្ថានីយប្រេងនេះជាដីស្ថិតនៅក្នុងតំបន់ការពារ ឧឡានជាតិរាម ដូចនេះម្ចាស់សំណង់មិន អាចសាងសង់បន្តបានទៀតនោះទេ ។
លោកបានបញ្ជាក់ថា លោកបានឲ្យ ម្ចាស់សំណង់ធ្វើកិច្ចសន្យាបញ្ឈប់ការសាង សង់ហើយកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ។
គួររំលឹកថា នៅពេលដែលសមត្ថកិច្ច ចម្រុះចុះទៅហាមឃាត់សំណង់ខាងលើក៏ មានវត្តមានលោកស្រី សាយ វិន ជាម្ចាស់ សំណង់ស្ថានីយប្រេងឥន្ធនៈ និងបងប្រុស បង្កើតឈ្មោះ សាយ ឈិញ បានអះអាងថា ខ្លូនជាអង្គរក្សរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅរាជធានីភ្នំពេញបានប្រើពាក្យអសុរោះស្រែកឡូឡា ព្រមទាំងយកឋានៈរបស់ខ្លូនជាអង្គរក្សមកគំរាមក្រុមគណៈកម្មកាចុះ អនុវត្តច្បាប់យ៉ាងចាស់ដៃដោយបញ្ជាក់ថា សំណង់នេះគេមានច្បាប់ត្រឹមត្រូវចុះហត្ថលេខាអនុញ្ញាតតាំងពីរមេឃុំអូរជ្រៅ មន្ត្រី ជំនាញសុរិយោដីស្រុកព្រៃនប់រហូតដល់ អភិបាលស្រុកគឺលោក ទិត វុទ្ធី ចុះហេតុអី្វ គេសាង់សង់មិនបាន? ៕ ឆ្លាមសមុទ្រ